ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្ដល់អនុសាសន៍៦ចំណុចសំខាន់ៗ ដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្ដល់អនុសាសន៍៦ចំណុចសំខាន់ៗ ដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព

27/02/2018
(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុប សកម្មភាពការងារវេទិកាថ្នាក់ជាតិ​ ​របស់​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងថា ក្នុង​នាម​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​និងក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​តាមដាន​ការអនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ​ប្រចាំខេត្ត​ស្វាយរៀង​ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ ដោយបាន​ជួប​ជាមួយ​ លោក-លោកស្រី​ ក្រុមការងារ​ថ្នាក់ជាតិ​ព្រមទាំង​សមាជិក​ សមាជិកា​អង្គប្រជុំទាំងអស់ ​ដែល​បាន​ឆ្លៀតឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សា​ធារ​ណៈនា​ពេលនេះ​។

លោកស្រី បាន​កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​អស់លោក-លោកស្រី​ ដែល​បាន​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន ​និង​បាន​យក​អស់ពី​ស្មា​តី​កម្លាំងកាយ​ចិត្ត ​ធនធាន​ថវិកា​សម្ភារ​ជួយ​គាំទ្រយ៉ាង សកម្ម​គ្រប់​សកម្មភាព​ តាម​បណ្ដា​មូលដ្ឋាន​នានាទូទាំង​ខេត្ត​ រួមចំណែក​ឲ្យ​ខេត្តស្វាយរៀង​ ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច ​ជា​បន្តបន្ទាប់​ពិសេស​ការធានា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សា​ធា​រណៈ បង្ក​លក្ខ​ណៈ​ក្នុងការ​អភិវឌ្ឍន៍​ លើ​គ្រប់​វិស័យ​គ្រប់​មូលដ្ឋាន ​សំដៅ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ជូន​ប្រជាពលរដ្ឋ​។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានសង្កត់ធ្ងន់​ថា ដើម្បី​ពង្រឹង​ការងារ​ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ ថែមទៀត ​និង​សម្រេច​ឲ្យ​បាន​ជោគជ័យ​ យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បំពេញ​កិច្ច​ការសំខាន់ៗ ​មួយចំនួន​ដូចតទៅ៖

១៖ ត្រូវខិតខំ ដោះស្រាយបញ្ហាដែលនៅសេសសល់ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

២៖ ត្រូវ​មានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ ដោះស្រាយដោយ សាមគ្គីភាព។

៣៖ ត្រូវបន្តជំរុញឲ្យជោគជ័យ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើ​កំណែទម្រង់ស៊ីជម្រៅ កាត់​បន្ថយភាព អសកម្មរបស់មន្ត្រី​ដឹកនាំទាំងស្ថាប័ន​បក្ស និងស្ថាប័នរដ្ឋ ដោយបន្តការ​អនុវត្តតាម ទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

៤៖ ត្រូវ​តាមដាន ស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថា របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺ​ដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្ម​រហ័ស​​​វាយបកភ្លាម​ៗ​ រាល់​ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។

៥៖ បន្តផ្សព្វផ្សាយ​អំពីសមិទ្ធិផល និងស្នាដៃរបស់​រាជរដ្ឋា​ភិបាល សម្រេចបាននាពេលកន្លងមក ទាំងក្នុងវិស័យនយោបាយ វិស័យការទូត ការរីកចំរើន​​​ខាងសេដ្ឋកិច្ច ការកំណែ​​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ និងបន្តជំរុញក្នុងការអនុវត្ត នូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាព​និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ។

៦៖ ត្រូវ​ជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋាន ដោយ​ក្តាប់​​ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និង​រិះរកគ្រប់ មធ្យោបាយ​ជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេល​វេលា ប្រកប​​ដោយប្រសិទ្ធភាព ​ដើម្បីផ្តល់​​ភាពកក់ក្តៅ និងការជឿ​ជាក់ លើរាជរដ្ឋាភិបាល៕