ជប៉ុនប្រកាស​ប្រាប់​ពិភពលោក អំពី​ការរំលោភ​ទណ្ឌកម្ម UN ពីសំណាក់​កូរ៉េខាងជើង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជប៉ុនប្រកាស​ប្រាប់​ពិភពលោក អំពី​ការរំលោភ​ទណ្ឌកម្ម UN ពីសំណាក់​កូរ៉េខាងជើង!

15/02/2018
(តូក្យូ)៖ រដ្ឋាភិបាល​ទីក្រុងតូក្យូ បានរាយការណ៍​ឲ្យដឹង ពីសកម្មភាពគួរឲ្យ​សង្ស័យថ្មីមួយ​របស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងបំពាន​លើ​​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម ​របស់ក្រុម​ប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) បន្ទាប់បាន​ប្រទះឃើញ​ការដោះដូរ​ទំនិញ​ ​រវាង​នាវាដឹកប្រេង​មួយគ្រឿង​របស់ប្រទេស​ នៅតំបន់អាមេរិក​កណ្តាល Belize និងកប៉ាល់​មួយ​គ្រឿង​ទៀត​របស់ទីក្រុង​ព្យុងយ៉ាង។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រសួងការបរទេស​ជប៉ុន បានឲ្យដឹងថា យន្តហោះល្បាត​យោធាមួយគ្រឿង​​របស់ខ្លួន បានឃើញ និងតាមដានសកម្មភាព​​ផ្ទេរ​ទំនិញ ​រវាងនាវាទាំងពីរ​គ្រឿង នៅក្នុងតំបន់​សមុទ្រចិន​ខាងកើត កាលពីថ្ងៃអង្គារ​សប្តាហ៍នេះ។ បើតាមសេចក្តី​ថ្លែងការណ៍​របស់ក្រសួង​​ការ​បរទេស​ជប៉ុន ​ក្រោយពីការវាយតម្លៃ​ដោយគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាល​ជប៉ុន មានការសង្ស័យ​ជាខ្លាំងថា ​កប៉ាល់ទាំងពីរ​គ្រឿង បាន​ធ្វើការផ្ទេរ​ទំនិញរវាងនាវា និងនាវា ដែលត្រូវបាន​ហាមឃាត់​ដោយ ​​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​របស់ UNSC។
ទីក្រុងតូក្យូ បានបន្ថែមថា ខ្លួនបានធ្វើរបាយការណ៍​អំពីហេតុការណ៍នេះ ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​ហើយ និងបានចែករំលែក​​ព័ត៌មានផ្សេងៗ ជាមួយប្រទេសទាំង​ឡាយដែលទាក់ទង​ផងដែរ។ ករណីនេះ គឺមានជាប់ពាក់ព័ន្ធ​នឹង​នាវាដឹកប្រេង​ដដែល​របស់កូរ៉េ​ខាងជើង​ឈ្មោះ Rye Song Gang 1 ដែលទីក្រុង​តូក្យូ បានប្រទះឃើញរួមជាមួយ និងនាវាដឹកប្រេងមួយគ្រឿង​​ផ្សេង​ទៀត​របស់​​ប្រទេសនៅតំបន់​ការីបៀន Dominica កាលពីខែមករា​កន្លងទៅ ដែលកាលនោះ​នាវាទាំងពីរគ្រឿង ត្រូវគេសង្ស័យថា បានប្រព្រឹត្ត​សកម្មភាពរំលោភ​លើទណ្ឌកម្ម​របស់ UNSC ដូចគ្នា៕