កម្ពុជាប្រកាសបង្កើនវិភាគទានកើនដល់៤៥ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រប្រតិបត្តិការរយៈពេល៣ឆ្នាំទៅមុខរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជាប្រកាសបង្កើនវិភាគទានកើនដល់៤៥ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រប្រតិបត្តិការរយៈពេល៣ឆ្នាំទៅមុខរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម

15/02/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤១ ប្រចាំឆ្នាំ២០១៨ របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development - IFAD) ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលនាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដោយទទួលបានលទ្ធផលជាទីគាប់ចិត្ត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «ចាកចេញពីភាពផុយស្រួយ ឆ្ពោះទៅកាន់ភាពធន់ និងរឹងមាំរយៈពេលវែង និងការវិនិយោគ លើសេដ្ឋកិច្ចជនបទប្រកបដោយចិរភាព» ដោយអង្គប្រជុំបានពិនិត្យវាយតម្លៃ លើសមិទ្ធិផលការងារកន្លងមករបស់ IFAD និងកំណត់ទិសដៅ
និងអាទិភាពការងារនៃឆ្នាំបន្ទាប់។
ជាលទ្ធផល កិច្ចប្រជុំប្រចាំក្រុមប្រឹក្សាទេសាភិបាលប្រចាំឆ្នាំ២០១៨ បានឯកភាពរួមគ្នាដាក់ចេញនូវគោលដៅនៃរបៀបវារៈការងារថ្មីសម្រាប់ ៣ ឆ្នាំទៅមុខ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២១ គឺ «ភារកិច្ចរបស់ IFAD ត្រឹមឆ្នាំ២០៣០ នឹងមិនទុកចោលអ្នកណាម្នាក់ឱ្យបន្តស្ថិតក្នុងភាពក្រីក្រ» និងបានឯកភាពគ្នាបង្កើនធនធានសម្រាប់ប្រតិបត្តិការរបស់ IFAD ២០១៩-២០២១ ឱ្យដល់ ៣,៥ ប៊ីលានដុល្លារអាមេរិក និងរំដោះប្រជាជនជនបទ ចាកចេញពីភាពក្រីក្រឱ្យបានយ៉ាងតិច ១២០ លាននាក់ត្រឹមឆ្នាំ២០២១។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ អំពីជំហរគាំទ្ររបស់កម្ពុជាចំពោះប្រសិទ្ធភាព នៃហិរញ្ញប្បទានសហប្រតិបត្តិការកន្លងមករបស់ស្ថាប័ននេះ និងទិសដៅ ការងារជាយុទ្ធសាស្ត្រដែល IFAD ត្រូវប្រកាន់យកសម្រាប់រយៈពេលមធ្យមទៅមុខ ២០១៩-២០២១។

លោកបណ្ឌិតសភាចារ្យ ក៏បានប្រកាសបង្កើនវិភាគទានរបស់កម្ពុជាពីចំនួន៣១៥,០០០ ដុល្លារអាមេរិក ឱ្យឡើងដល់៤៥០,០០០ ដុល្លារអាមេរិក សម្រាប់គាំទ្រប្រតិបត្តិការរយៈពេល៣ឆ្នាំទៅមុខរបស់ IFAD11 ចាប់ពីឆ្នាំ២០១៩-២០២១ ។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក ហ្គីលបឺត ហុងបូ ប្រធាន IFAD ថែមទៀតផង។

ក្នុងជំនួបនោះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនូវទិសដៅជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ ២០១៩-២០២១ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ IFAD ដើម្បីតម្រង់ទិសនៃប្រតិបត្តិការរបស់ IFAD ឱ្យឆ្លើយតបចំតាមតម្រូវការអាទិភាពថ្មី ក្នុងដំណាក់កាលអភិវឌ្ឍថ្មី
ជាក់ស្តែងរបស់កម្ពុជា បន្ទាប់ពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងការបោះជំហានឆ្ពោះទៅគោលដៅនៃ ការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។
ជាការឆ្លើយតបលោក ហ្គីលបឺត ហុងបូ ប្រធាន IFAD បានថ្លែងគាំទ្រពេញទំហឹងចំពោះទិសដៅ ជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការដែលស្នើឡើងដោយលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងបានសន្យាពង្រីកទំហំកិច្ចសហប្រតិបត្តិការ នៅកម្ពុជាឱ្យកាន់តែធំជាងមុន ទាំងសម្រាប់ឆ្នាំ២០១៩-២០២១ និងទាំងសម្រាប់រយៈពេលវែងទៅមុខ៕