ការវិវត្តបន្ថែមនៅលើប្រព័ន្ធប្រតិបត្តិ iOS 11 បានបញ្ចូលមុខងារសន្សំសំចៃទំហំអង្គចងចាំនៃឧបករណ៍ បានប្រសើរជាង iOS 10។ ប៉ុន្តែអ្នកក៏ត្រូវដឹងពីតិចនិកនិងគន្លឹះក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ បែបនេះ Sabay នឹងចែករំលែក ៤ ចំណុចទៅអ្នករាល់គ្នា។
១.Offload Unused Apps:
មុខងារថ្មីលើ iOS 11 អាចស្វ័យប្រវត្តិលុបចោលនូវកម្មវិធី-ហ្គេម ដែលអ្នកពុំសូវបានប្រើប្រាស់ជាប្រចាំ ដើម្បីជួយឲ្យអង្គចងចាំទំនេរក្នុងឧបករណ៍មានការកើនឡើង។ ដោយលុបចោលនូវសំបកផ្ទុក ប៉ុន្តែរាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ន ហើយនៅពេលអ្នកដំឡើងកម្មវិធីមកវិញ នោះនឹងដំណើរការដូចមុនជាធម្មតា។
ដើម្បីដំណើរការចូលទៅ Settings > ចុចត្រង់ iTunes & App Store > អូសមកក្រោមបើកត្រង់ពាក្យ Offload Unused Apps។
២.HEVC Video Format:
ជាមុខងារដែលអាច Compress ឯកសារវីដេអូឲ្យធ្លាក់ទំហំផ្ទុកប្រមាណ ៥០ ភាគរយ ដោយមុខងារ HEVC អាចជួយសន្សំអង្គចងចាំបានច្រើនជាងប្រភេទវីដេអូ h.264 ធម្មតា។ ចូលទៅ Settings > Camera > Formats និងរើសយក High Efficiency។
៣.HEIF Image Format:
iOS 11 ក៏បានណែនាំនូវមុខងារថ្មីឲ្យឈ្មោះ HEIF ដែលវាខុសពីទម្រង់ឯកសារ JPEG ដោយនេះអាចផ្តិតយករូបភាពក្នុងកម្រិតច្បាស់ហើយ ថែមទាំងស៊ីអង្គផ្ទុកតិចទៀតផង។ តាមការសង្កេតមើលរូបមួយសន្លឹក រវាង JPEG និង HEIF ទំហំផ្ទុកខុសគ្នាដល់ទៅ ២ ដង បែបនេះដើម្បីដំណើរការសូមចូលទៅ Settings > Camera > Formats និងរើសយក High Efficieny (បើយក Most Compatible) រូបភាពនឹងរក្សាទុកជា JPEG។
៤.Storage Suggestion:
ជាមុខងារដែលបង្ហាញផ្លូវឲ្យអ្នកប្រើប្រាស់ក្នុងការធ្វើអ្វីមួយ នៅពេលម៉ាស៊ីនជិតពេញ ឧទារហណ៍: ដូចជាការណែនាំឲ្យប្រើ Offload Unsued Apps ឬទៅលុបរូបភាពអ្វីជាដើម។ ដំណើរការមុខងារនេះ ក្រៅពីធ្វើឲ្យម៉ាស៊ីនលឿនហើយ ទៀតសោតក៏ជួយបើកផ្លូវសម្រាប់អ្នកប្រើប្រាស់ដែលមិនសូវស្ទាត់ជំនាញផងដែរ។
ប្រភព៖ techmoblog ប្រែសម្រួល៖ ឡៃហ៊ាង