សល់តែ ១១ ថ្ងៃទៀត Galaxy S9/S9+ នឹងបង្ហាញខ្លួនជាផ្លូវការ ហើយមកទល់ពេលនេះព័ត៌មានអំពីស្មាតហ្វូនកំពូលនេះត្រូវគេដឹងខ្ទេចខ្ទីស្ទើរគ្មានសល់។ ចុងក្រោយគេនេះគឺដំណឹងអំពីសមត្ថភាពបន្ទះឈីប Exynos 9810 ដែលនឹងប្រើលើ Galaxy S9/S9+។
តាមរយៈលទ្ធផលធ្វើតេស្តតាមកម្មវិធី Benchmark ចំពោះ Galaxy S9/S9+ ប្រើបន្ទះឈីប Exynos បង្ហាញថាដំណើរការ Single-Core ទទួលបាន ៣៦៤៨ ពិន្ទុ និង Multi-Core ទទួលបាន ៨៨៩៤ ពិន្ទុ។ ពិន្ទុនេះធ្វើឲ្យបន្ទះឈីប Exynos ជំនាន់ចុងក្រោយផលិតដោយ Samsung អាចយកឈ្នះបន្ទះឈីប Snapdragon 845 ដែលមានពិន្ទុ ២៣៧៨ លើដំណើរការ Single-Core និង Multi-Core មាន ៨១៣២ ពិន្ទុ។
ត្បិតថាពិន្ទុរបស់បន្ទះឈីប Exnynos អាចយកឈ្នះ Snapdragon ប៉ុន្តែបើប្រៀបធៀបនឹងបន្ទះឈីប A11 របស់ Apple នៅចាញ់គ្នាបន្តិចបន្តួច។
គួរដឹងថា Galaxy S9/S9+ នឹងប្រើបន្ទះឈីបពីរប្រភេទគឺ Snapdragon 845 សម្រាប់លក់នៅសហរដ្ឋអាមេរិក និង Exynos 9810 សម្រាប់លក់នៅកូរ៉េខាងត្បូង, ចិន និងទីផ្សារជាច្រើនទៀត៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
