លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យអង់គ្លេស វិនិយោគលើវិស័យកម្មន្តសាលកម្មធុនស្រាល និងការដំឡើងរថយន្តនៅកម្ពុជា។ លោកអំពាវនាវដូច្នេះ ក្នុងជំនួបពិភាក្សាជាមួយលោក Edward Vaizey សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្រ្តី បានលើកឡើងពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាចំកណ្ដាលអាស៊ាន ដែលមានភាពងាយស្រួលក្នុងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសអាស៊ាន និងដៃគូដទៃទៀតក្នុងតំបន់ និងពិភពលោក។ លើសពីនេះបរិយាកាសធុរកិច្ចរបស់កម្ពុជា ជាពិសេសការអនុញ្ញាតឲ្យវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ១០០% ជាចំណុចទាក់ទាញផងដែរ។
លោក ប៉ាន សូរស័ក្តិ បន្តថា ក្រុមហ៊ុនមកពីចក្រភពអង់គ្លេសមានជំនាញ ស្ដង់ដារ និងបច្ចេកវិទ្យាខ្ពស់ នោះនឹងផ្ដល់ជូននូវផលចំណេញបន្ថែមទៀតសម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុក។
លោក Edward Vaizey (ឆ្វេង) ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ (ស្តាំ) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
លោក Edward Vaizey បានទទួលយកការលើកឡើងរបស់លោករដ្ឋមន្ត្រី និងសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្តទៀតរវាងប្រទេសទាំង២៕
ប្រភព ៖ Kley Kley
