ក្រុមហ៊ុន Alibaba កំពុងផលិតភាពយន្តនិយាយពីឥទ្ធិពលមនុស្សយន្ត ទំនងជាចង់ពញ្ញាក់អារម្មណ៍សាធារណៈជន លើការអភិវឌ្ឍបច្ចេកវិទ្យា Artificial Intelligence (AI)។
ខ្សែភាពយន្តនេះ សហការផលិតដោយ Film Studio Alibaba Pictures ក្រុមហ៊ុននៅចិន និង STX Entertainment ក្រុមហ៊ុននៅសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Robert Zemeckis ធ្លាប់ជាអ្នកដឹកនាំរឿង Back to the Future និង Forrest Gump។
អ្នកស្រី Jenny W.Hsu មន្ត្រីជាន់ខ្ពស់បានសរសេរលើគេហទំព័រ Alizila របស់ Alibaba ថា៖ "មនុស្សយន្តបានជួយការងារមនុស្សជាច្រើន តាំងពីការដំឡើងទូរសព្ទ ជួសជុល ឬដំឡើងរថយន្ត និងការងារធ្ងន់ៗមួយចំនួនទៀត។ សំនួរសួរថា ចុះបើមនុស្សយន្តអាចអភិវឌ្ឍន៍សមត្ថភាពធ្វើការដោយខ្លួនឯង តើនឹងមានអ្វីកើតឡើង?"
គំនិតផ្តួចផ្តើមមួយជ្រុងសម្រាប់ការបង្កើតភាពយន្តនេះបានពីស្ថាបនិក Alibaba លោក Jack Ma។ Alibaba កំពុងអភិវឌ្ឍបច្ចេកវិទ្យា AI ប្រជែងក្រុមហ៊ុន Amazon និង Microsoft ដើម្បីវាតទីផ្សារនាពេលអនាគត៕
ប្រភព៖ CNBC ប្រែសម្រួល៖ ឡៃហ៊ាង
