ស្មាតហ្វូនត្រកូល P ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននាថ្ងៃទី ២៧ ខែមីនាខាងមុខ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាវានឹងមានឈ្មោះថា P11 ឬក៏ P20 នោះទេ។
យ៉ាងណាក្ដីមានចចាមអារ៉ាមចេញផ្សាយថាក្នុងចំណោមស្មាតហ្វូនត្រកូល P មានមួយម៉ូដែលបំពាក់កាមេរ៉ាដល់ទៅ ៣ គ្រាប់នៅផ្នែកខាងក្រោយ ហើយពេលនេះមានក្រុមហ៊ុនផលិតសម្បកទូរសព្ទ (Case) បានបង្ហាញឲ្យឃើញថាស្មាតហ្វូនមានកាមេរ៉ាដល់ ៣គ្រាប់នេះមានរូបរាងបែបណា។
កាមេរ៉ាទាំង ៣ គ្រាប់ត្រូវបានរៀបចំលក្ខណៈបញ្ឈរដោយស្ថិតនៅផ្នែកកៀនខាងឆ្វេង និងទំនងជាមានភ្លើង LED រួមនឹងប្រព័ន្ធ Autofocus នៅពីក្រោមកាមេរ៉ា។ ក្រៅពីបង្ហាញរូបរាង ក្រុមហ៊ុនផលិតសម្បកទូរសព្ទមិនបានបង្ហាញថាកាមេរ៉ានេះដំណើរការដូចម្ដេចនោះទេ។
បន្ថែមពីលើនេះគេបានប្រើឈ្មោះ Huawei P20 តំណាងឲ្យស្មាតហ្វូនកាមេរ៉ា ៣ គ្រាប់នេះទៀតផង។ ចំណុចនេះធ្វើឲ្យគេជឿថា Huawei អាចនឹងប្រើឈ្មោះ P20 នេះជំនួសឲ្យ P11៕
ប្រភព៖ GSMarena ប្រែសម្រួល៖ ឡៃហ៊ាង
