បុរសជនជាតិចិនដែលផ្សំគំនិតនាំចូលផលិតផល iPhone និង iPad ក្លែងក្លាយឈរក្រោមស្លាកយីហោ Apple ត្រូវបានប្រកាសពីការកាត់ទោស ក្រោយសេចក្ដីថ្លែងការណ៍មួយចេញពីគេហទំព័រក្រសួងយុត្តិធម៌របស់អាមេរិកបានចុះផ្សាយ។
លោក Jianhua Li ដែលធ្លាប់បម្រើការឲ្យក្រុមហ៊ុន Dream Digitals បានបំបែកសាខាដាច់ដោយឡែកក្នុងការនាំចូល iPhone, iPad និងឧបករណ៍ក្លែងក្លាយដទៃទៀតប្រមាណ ៤០ ០០០ គ្រឿង ពីប្រទេសចិន ចូលមកទីផ្សារសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០០៩ ដល់ ២០១៤។ បណ្ដាផលិតផលទាំងអស់ ស្ថិតក្រោមការវេចខ្ចប់ដោយភ្ជាប់ស្លាកសញ្ញារបស់ក្រុមហ៊ុន Apple។
បន្ទាប់ពីលោក Li ចរាចរផលិតផលក្លែងក្លាយជុំវិញទីផ្សារអាមេរិក រាល់ចំណូលទាំងអំបាលម៉ានត្រូវបានរក្សាទុកក្នុងកុងធនាគារនៃរដ្ឋ Florida និង New Jersey។ ចំណូលសរុបត្រូវបានគេរកឃើញមានប្រមាណ ១.១ លានដុល្លារ ប៉ុន្តែគាត់ក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ រួមទាំងអ្នកផ្សំគំនិតឯទៀតដូចជាលោក Rosario LaMarca ប្រកាសឲ្យជាប់រយៈពេល ៣៧ ខែចាប់តាំងពីខែកក្កដាឆ្នាំទៅ ហើយបុគ្គល ២ រូបផ្សេងទៀត រួមមាន Roberto Volpe និង Andreina Becerra កំពុងស្ថិតក្នុងការរង់ចាំកាត់ទោស។
ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង
