សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​ លោក ​កឹម​ សុខា ​ដដែល ​បើ​ទោះ​បាន​ដឹក​មក​ចូល​សវនា​ការ! ! ! ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​ លោក ​កឹម​ សុខា ​ដដែល ​បើ​ទោះ​បាន​ដឹក​មក​ចូល​សវនា​ការ! ! ! ​

01/02/2018
ភ្នំពេញ​  នៅ​ទី​បំផុត​ សាលា​​ឧទ្ធរណ៍ ​នៅ​តែ​​សម្រេច​​បន្ត​​ឃុំ​ខ្លួន ​លោក​ កឹម​ សុខា​​ ប្រធាន​​អតីត​​គណ​បក្ស​​ប្រឆាំង​​ដដែល​ បើ​​ទោះ​​ជា​​មាន​​ការ​​នាំ​​ខ្លួន​​ លោក​ កឹម​ សុខា​ មក​​ចូល​​រួម​​សវនាការ​​ ជា​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃ​នេះ​ក៏ដោយ​។ ​មេធាវី​ការពារ​ក្តី ​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ​ថា​ដូចជា​ការ​ចាក់​ពុម្ព​តាម​តុលាការ​ជាន់​ទាប​នោះដែរ​។​

ម្តាយ​​របស់​ លោក កឹម​ សុខា​ និង​​ភរិយា បាន​​យំ​​ក្តុល​ត្តួល​និង​លើក​ដៃ​សំពះ​ មុនពេល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បរិវេណ​សាលា​ឧទ្ធរណ៍ ដើម្បី​ផ្តល់​អាហារ​ ខណៈ​ពេល​បើក​សវនា​ការ ជា​អសាធារណៈ ទៅ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ របស់​ប្រធាន​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​។
បើតាម​ក្រុម​គ្រួសារ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម មកដល់​សាលា​ឧទ្ធរណ៍​តាំងពីម៉ោង​៥៖៤០​នាទី ព្រលឹម​ថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​នេះ។

​នៅជុំវិញ​បរិវេណ​សាលាឧទ្ធរណ៍ ត្រូវ​បាន​សមត្ថកិច្ច​រិត​បន្តឹង​សន្តិសុខ​យ៉ាងតឹង​រឹង​ដោយ​មានបិទ​កំណាត់​ផ្លូវ​មួយ​ចំនួន​ផង ខណៈ​គេសង្កេត​ឃើញ​អតីត​តំណាងរាស្ត្រ គណបក្ស​សង្រ្គោះជាតិ​មួយចំនួន​បានទៅ​តាម​ដាន​នៅ​ខាង​ក្រៅ​របង​តុលាការ។

សូមបញ្ជាក់ថា នេះជាលើកទី១​ហើយ ដែលតុលាការ​បាននាំខ្លួន លោក កឹម សុខា ចេញពី​ពន្ធនាគារមកបើកសវនាការ​ ចាប់​តាំងពីមានការ​ចាប់ខ្លួន​នៅពាក់​កណ្តាល​អាទ្រាធ នៅផ្ទះរបស់លោក នាយប់ថ្ងៃ៣ខែកញ្ញា កាលពី៥ខែមុន។ សវនាការជា​អសាធារណៈ​នៅសាលាឧទ្ធរណ៍នេះធ្វើឡើងទៅលើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ប្រឆាំង​នឹង​ការ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក៏ប៉ុន្តែមិនមានអ្វីខុសប្លែកពីតុលាការជាន់ទាបនោះទេ គឺសាលាឧទ្ធរណ៍ នៅតែសម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា ​ដដែល បន្ទាប់ពីសាកសួរជាច្រើនម៉ោង។ មេធាវីម្នាក់ការពារក្តីឲ្យ លោក កឹម សុខា គឺលោក ហែម សុជាតិ បានហៅ​ការ​សម្រេច​របស់​តុលាការជាន់​ខ្ពស់​មួយ​នេះ ថាដូចជាការ​ចាក់ពុម្ពតាម​តុលាការជាន់ទាបនោះដែរ។​ តែ​លោក​បាន​ប្រាប់​បន្ថែមថា នឹង​បន្ត​​​តតាំងក្តី​ទៅតុលាការ​កំពូលទៀត បើទោះ​ជាបីមិនសូវសង្ឈឹមថា ​កូន​ក្តី​បាននៅ​ក្រៅ​ឃុំ​ក៏ដោយ​។

​បើតាម​ លោក ហែម សុជាតិ នៅក្នុង​សវនាការ​ លោក កឹម សុខា ដែលមាន​បញ្ហា​សុខ​ភាព​​ច្រើន​មុខដូចជា ទឹកនោម​ផ្អែម លើសឈាម និង​ជាប់​សរសៃផងនោះ មិនបាន​និយាយ​ច្រើនទេ ព្រោះ​ជាសវនាការ​សុំ​នៅក្រៅឃុំ ប៉ុន្តែលោកថា លោក កឹម សុខា បាន​ឆ្លៀត​បដិសេធនឹង​ការ​ចោទថា «ក្បត់ជាតិ» នោះ។

លោក កឹម សុខា ត្រូវបានចោទ​ប្រកាន់​ថា «ក្បត់ជាតិ» បន្ទាប់ពីលោក​បានថ្លែងនៅឯក្រៅ​ប្រទេស​​កាលពីអំឡុងជាង៥ឆ្នាំមុន ថាលោកទទួលបានការបណ្តុះបណ្តាលពីអាមេរិក ដែល​រដ្ឋាភិបាលកម្ពុជាចោទថា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលខ្មែរ។

ប៉ុន្តែ លោក កឹម សុខា តាមរយៈ​ក្រុម​មេធាវី ការពារក្តី បានអះអាងថា វីដេអូនោះ ត្រូវបាន​គេកាត់​ជាកង់ៗ ដែលមាន​ន័យ​ខុសពី​ខ្លឹមសារដើម។