ប្រវត្តិពីដើមចមនៃសេដ្ឋីមានប្រាក់ជាង ៥០ ប៊ីលានដុល្លាររូបនេះ ដែលមានឱកាសបង្កើត Alibaba Group ឲ្យជោគជ័យទល់សព្វថ្ងៃ ទាំងដែលពីមុនខ្លួនត្រឹមជាគ្រូបង្រៀនភាសាអង់គ្លេសមានប្រាក់ខែ ១២ ដុល្លារ។
+ដំណើរចាប់ផ្តើមជីវិតរបស់ Jack Ma:
រឿងរ៉ាវរបស់សេដ្ឋីរូបនេះ កើតមានឡើងក្នុងទីក្រុង Hangzhou ដែលមានប្រជាជនជាង ២.៤ លាននាក់ ស្ថិតក្នុងត្រកូលគ្រួសារក្រខ្សត់ដោយមានឪពុកម្ដាយជាអ្នកមានជំនាញសិល្បៈ Ping Tan។ ដើម្បីជម្នះក្នុងស្ថានភាពសិក្សាជាមួយមិត្តរួមថ្នាក់ Ma ត្រូវបង្ខំចិត្តទៅសណ្ឋាគារក្នុងស្រុករាល់ថ្ងៃ ដើម្បីមានឱកាសជួបជនបរទេសនិងអនុវត្តភាសាអង់គ្លេសជាមួយពួកគេ ហើយបានយកថវិកាទិញវិទ្យុតូចមួយដែលអាចស្តាប់ការសិក្សាភាសាសន្ទនាប្រចាំថ្ងៃ។
រូបតំណាង Jack Ma កាលធ្វើជាគ្រូបង្រៀន
ថ្វីបើមានជំនាញលើភាសាអង់គ្លេស ប៉ុន្តែលោកខ្សោយខាងគណិតវិទ្យា រហូតត្រូវធ្លាក់ការប្រលងបញ្ចប់វិទ្យាល័យដល់ទៅ ២ លើកជាប់គ្នា។ ការព្យាយាមលើកទី ៣ ទើបទទួលបានជោគជ័យ និងបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានគ្រូបង្រៀនក្នុងទីក្រុង Hangzhou នាឆ្នាំ ១៩៨៨ ។ គ្រានោះលោកក៏ត្រូវបានគេបដិសេធសំណើសុំធ្វើការងាររាប់មិនអស់ មិនថាតែហាងលក់មាន់បំពង KFC ។
រូបតំណាង Jack Ma នៅវ័យកុមារ
យ៉ាងណាមិញ Jack Ma ក៏មានឱកាសក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស ដោយរកចំណូលបានត្រឹមតែ ១២ ដុល្លារក្នុងមួយខែនៅសកលវិទ្យាល័យក្នុងតំបន់។+ដើមទងធ្វើឲ្យមានការបង្កើត Alibaba:
បន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្រៀន ក្នុងឆ្នាំ ១៩៩៥ លោក Ma មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ហើយត្រូវបានគេនាំឲ្យស្គាល់ពីអ្វីទៅជាអ៊ីនធឺណិត។ លុះវិលមកដល់ស្រុកកំណើត លោកក៏បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែរងសម្ពាធនៃការទាមទារឲ្យបណ្ដាក់ទុនជាមួយ China Telecom រហូតធ្វើក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាព និងត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន The New York Times បានចុះផ្សាយ។
រូបតំណាង Jack Ma ជាមួយមិត្តភក្តិ ១៧ នាក់
ភាពអត់ធ្មត់នៅជាប់ក្នុងចិត្តជានិច្ចជំរុញឲ្យ Ma ក្រោកឈរម្តងទៀតនាឆ្នាំ ១៩៩៩ ហើយបានហៅមិត្ត ១៧ នាក់ មកពិភាក្សាក្នុងបន្ទប់ជួលមួយ ដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើ Online។ គ្រានេះហើយដែល Alibaba.com បានលេចវត្តមាន ដែលអនុញ្ញាតឲ្យបណ្តាអ្នកលក់អាចធ្វើការបង្ហោះចេញនូវទំនិញរបស់ខ្លួន ហើយអតិថិជនអ្នកទិញមានសិទ្ធធ្វើការស្វែងរកយ៉ាងធំទូលាយ។ សំណាងល្អក្នុងខែតុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ ៥ លានដុល្លារពីក្រុមហ៊ុន Goldman Sachs និង ២០ លានដុល្លារពីធនាគារ SoftBank ដែលមានគោលដៅចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។ភាពជោគជ័យត្រូវបានបង្ហាញទៅកាន់ពិភពលោក ហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកសាខាទៅជាគេហទំព័រ Taobao មួយបន្ថែមទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុនបរទេស eBay ដែលព្យាយាមវាយលុកទីផ្សារប្រទេសចិន។ រហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ សម្ព័ន្ធរបស់ Alibaba ក៏ផ្តួល eBay បានសម្រេច ហើយមកទល់បច្ចុប្បន្នក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម ២០ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោក រួមបញ្ចូលទាំង Alibaba, Tmall ផងនោះ។
ប៉ុន្តែដល់ឆ្នាំ ២០១៣ លោក Ma បានដើរចេញពីតំណែង CEO ហើយឲ្យលោក Johnathan Lu ឡើងជំនួស គ្រានោះគាត់បញ្ជាក់ថា "វាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពី CEO ប៉ុន្តែក្នុងការក្លាយជាប្រធានធំដ៏ល្អម្នាក់ ពេលខ្លះយើងក៏សំបូររឿងរវល់ជាង CEO ទៅទៀត"។
គូសបញ្ជាក់ថា Alibaba Group កាលពីឆ្នាំទៅរកចំណូលបាន ២៣.៨២ ប៊ីលានដុល្លារ ហើយមានបុគ្គលិកសរុបប្រមាណ ៥០ ០៩២ នាក់ ដោយចែកជាសម្ព័ន្ធដៃគូប្រហែល ១០ ក្រុមហ៊ុនជុំវិញពិភពលោក។ ពាក្យស្លោកមួយរបស់ក្រុមហ៊ុនបានកំណត់ថា "ដើម្បីទទួលបានភាពងាយស្រួល គឺជាការធ្វើអាជីវកម្មគ្រប់ទីកន្លែង"។
ប្រភព៖ Businessinsider ប្រែសម្រួល៖ ឡៃហ៊ាង