ត្រឡប់ទៅឆ្នាំ ២០១៦ ស្មាតហ្វូនដែលបំពាក់ RAM 6GB ដំបូងគេគឺ OnePlus3 ធ្វើឲ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលមិនស្ទើរទេកាលណោះ។ ងាកមកឆ្នាំនេះម្ដង ព័ត៌មានលេចឮមកថាក្រុមហ៊ុនប្រទេសចិនVivo គ្រោងបំពាក់ RAM ដល់ 10GB ឯណោះលើស្មាតហ្វូនម៉ូឌែល Xplay 7 ។
រូបភាពប៉ុន្មានសន្លឹកខាងក្រោមដែលបានបែកធ្លាយតាមរយៈ Weibo របស់ចិន ឃើញមានទាំងលក្ខណៈសម្បត្តិខ្លះៗពីស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ កន្លងមក Vivo បានបោះជំហានមុនគេប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយបានបំពាក់មុខងារស្កេនក្រយៅដៃក្រោមអេក្រង់លើស្មាតហ្វូនម៉ូឌែល X20 Plus បង្ហាញខ្លួនកាលពី CES 2018 ថ្មីៗនេះ។
ចំណែកឯ Xplay 7 នេះត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយអេក្រង់ប្រភេទ OLED និងកញ្ចក់ប្រភេទ Super AMOLED គុណភាពខ្ពស់ថែមទាំងដាក់មុខងារស្កេនក្រយៅដៃក្រោមអេក្រង់ដូចសិស្សច្បង X20 Plus ដែរ។ វាអាចនឹងមានកម្រិតបង្ហាញរូបភាពដល់ 4K។ ឯបន្ទះឈីបវិញ Vivo អាចនឹងបំពាក់ឈីបជំនាន់ចុងក្រោយ Snapdragon 845 និង RAM ទំហំ 10GB។
ក្រៅពី RAM ដ៏ធំសំបើមនេះ Vivo គ្រោងនឹងបន្ថែមអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនឲ្យធំដូចគ្នាដើម្បីប្រជែងជាមួយ Samsung ពោលគឺ Internal Storageអាចចន្លោះពី 256GB ដល់ 512GB ដែលជាទំហំផ្ទុកដ៏ធំដែល Samsung បានបង្ហើបឲ្យដឹងកាលពីប៉ុន្មានខែមុនចុងឆ្នាំ ២០១៧។
រីឯកាមេរ៉ាវិញ Vivo អាចនឹងបំពាក់មកកាមេរ៉ាភ្លោះក្រោយលើ Xplay 7 ដែលមានសមត្ថភាពអាច Zoom បានដល់ ៤ ដងលើស iPhone X ទៀតផង។ មុខងារ Face Unlock 2.0(ជំនាន់ ២) ដែលអាចស្កេនដោះសារបានយ៉ាងរហ័សជាងមុន។ សំណួរចោទសួរថា តើនេះលក្ខណៈសម្បត្តិនៃស្មាតហ្វូនឆ្នាំ ២០១៨ ដែលអ្នកចង់បាន? ដើម្បីចង់ដឹងច្បាស់ មានតែចាំមើលទាំងអស់គ្នានៅថ្ងៃប្រកាសផ្លូវការ ក៏ដូចជា រង់ចាំតាមដានមើលស្មាតហ្វូនក្រុមហ៊ុនដទៃណាទៀតហ៊ានតំឡើងសមត្ថភាពលើសនេះ ឬប្រហាក់ប្រហែលនេះ៕
ប្រភព៖ BeeBom ប្រែសម្រួល៖ ឡៃហ៊ាង
