Apple និង Samsung ត្រូវបានគេស្គាល់ថាជាគូប្រជែងដ៏ខ្លាំងក្លាមួយក្នុងជំនួញស្មាតហ្វូន។ ប៉ុន្តែទោះយ៉ាងណា Apple មិនអាចរស់នៅដោយគ្មាន Samsung បាននោះទេ។
ជាក់ស្ដែង Apple ត្រូវការដៃគូដើម្បីផលិតកញ្ចក់ OLED សម្រាប់ប្រើនៅលើ iPhone X ហើយ Samsung ជាក្រុមហ៊ុនតែមួយគត់ដែលអាចផលិតកញ្ចក់ប្រភេទនេះបាន នាពេលបច្ចុប្បន្ននេះ។ មនុស្សភាគច្រើនស្គាល់ Samsung តាមរយៈស្មាតហ្វូន, ទូរទស្សន៍, ទូទឹកកក និងគ្រឿងអេឡិចត្រូនិកដទៃទៀត។ ប៉ុន្តែមុខជំនួញដ៏ខ្លាំងក្លារបស់ក្រុមហ៊ុននេះគឺស្ថិតនៅលើការផលិតគ្រឿងបន្លាស់ឲ្យក្រុមហ៊ុនដទៃ ដូចជាបន្ទះឈីប, មេមូរីឈីប និងអេក្រង់។
នៅខែកក្កដា ឆ្នាំ ២០១៧ Samsung បានក្លាយជាក្រុមហ៊ុនផលិតឈីបធំជាងគេក្នុងលោក ដោយបានឡើងលើក្រុមហ៊ុន Intel របស់សហរដ្ឋអាមេរិក។ គិតត្រឹមខែមករា ឆ្នាំ ២០១៧ Samsung បានក្ដោបក្ដាប់ទីផ្សារអេក្រង់ OLED លើពិភពលោកដល់ទៅ ៩០% ឯណោះ។ ដោយសារទីផ្សារ OLED មានតែ Samsung ហេតុនេះហើយ Apple ត្រូវបង្ខំចិត្តសុំជំនួយពី Samsung លើការផលិតអេក្រង់ OLED ដាក់លើ iPhone X។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនសុវត្ថិភាព KGI ក្រុមហ៊ុន Samsung គិតថ្លៃពី Apple ចន្លោះពី ១២០ ដុល្លារ ទៅ ១៣០ ដុល្លារលើអេក្រង់ OLED មួយផ្ទាំង។ ប្រៀបធៀបនឹងអេក្រង់ LCD វិញ Apple ត្រូវចំណាយប្រមាណ ៤៥ ដុល្លារប៉ុណ្ណោះ។ នេះជាមូលហេតុមួយដែលធ្វើឲ្យ iPhone X មានតម្លៃដល់ខ្ទង់ ១ ០០០ ដុល្លារ។
ដើម្បីកាត់បន្ថយការចំណាយលើអេក្រង់ OLED នេះ Apple ក៏បានបណ្ដាក់ទុនដល់ ២,៧ ពាន់លានដុល្លារលើក្រុមហ៊ុន LG Display ដើម្បីឲ្យក្រុមហ៊ុននេះពង្រីកសង្វាក់ផលិតកម្មផលិតអេក្រង់ OLED របស់ខ្លួន។ ដូចគ្នានេះដែរក្រុមហ៊ុន Google ក៏បានបោះទុន ៨៨០ លានដុល្លារទៅលើ LG Display ដើម្បីកុំឲ្យ Samsung ធ្វើជាស្ដេចទីផ្សារអេក្រង់ OLED តែឯង។
យ៉ាងណាក្ដី Samsung នៅតែអាចបានផលចំណេញពីតម្រូវការអេក្រង់ OLED របស់ Apple រហូតដល់ឆ្នាំ ២០១៩ ព្រោះថា LG Display ទំនងជានឹងចាប់ផ្ដើមសង្វាក់ផលិតកម្មអេក្រង់ OLED នៅឆ្នាំ ២០១៩ ឯណោះ។ នេះនៅមិនទាន់និយាយអំពីរឿងដែល Samsung ផលិតបន្ទះឈីបស៊េរី A ក្នុងបរិមាណដ៏ច្រើនឲ្យ Apple ប្រើលើ iPhone នៅឡើយទេ។
ក្រឡេកមកមើលចំណុច ដែលជារឿងចម្លែកក្នុងមុខជំនួញវិញ Apple និង Samsung បានកើតមានរឿងក្ដីក្ដាំជាមួយគ្នាតាំងពីឆ្នាំ ២០១០ ពេលដែល Samsung ត្រូវបាន Apple ចោទប្រកាន់ថាយករចនាបថ iPhone ទៅប្រើលើ Galaxy S របស់ខ្លួន។
ជម្លោះនេះកើតមានរយៈពេលជិត ៧ ឆ្នាំ ដោយ Samsung ត្រូវចំណាយអស់ប្រមាណ ១៥០ ដុល្លារ ហើយចុងក្រោយ Apple បានឈ្នះក្ដីមួយករណីដោយទទួលបានសំណង ១២០ លានដុល្លារពី Samsung។ រឿងក្ដីពីរទៀតដែលមានតម្លៃ ៤០០ លានដុល្លារកំពុងបន្តនៅឡើយ ដោយគ្រោងនឹងបើកសវនាការនៅខែឧសភាឆ្នាំនេះ។
សរុបសេចក្ដីមក មានន័យថាក្រុមហ៊ុនទាំងពីរពិតជាមិនអាចខ្វះគ្នាបាននោះទេ៕
ប្រភព៖ YouTube | Forbes | 9to5Mac | Fortune ប្រែសម្រួល៖ ឡៃហ៊ាង
