អ្នក​នៅ​លីវមើលឱ្យហើយ! សម្រាល​កូន​រួច រាង​កាយ​មនុស្ស​ស្រី​ប្រែប្រួល​នឹក​ស្មាន​មិន​ដល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​នៅ​លីវមើលឱ្យហើយ! សម្រាល​កូន​រួច រាង​កាយ​មនុស្ស​ស្រី​ប្រែប្រួល​នឹក​ស្មាន​មិន​ដល់

25/01/2018
ការ​មាន​ផ្ទៃ​ពោះ​កូន​ដោយ​ខ្លួន​ឯង​គឺ​ជា​ក្ដី​សុខ​ធំបំផុត​របស់​ស្ត្រី​គ្រប់​រូប​។ ប៉ុន្តែ​ទន្ទឹម​នឹង​សុភមង្គល​មួយ​នេះ នារី​ៗ​ក៏​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​បម្រែបម្រួល​រាងកាយ​ស្ទើរ​តែ​គ្រប់​ផ្នែក​ ដូច​ជា​បាត់​បង់​សម្រស់​ ញាណ​ទាំង​៥​ចាប់ផ្ដើម​ប្រែ​ប្រួល​ខុស​ពី​មុន​ដែល​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​បាន​មក​ដូច​ដើម​វិញ​ ឬ​បើ​នារីៗ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ អាច​នឹង​ធ្វើ​ឱ្យ​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​បាន​។
១-​ខួរ​ក្បាល
ប្រហែល​៩០% ស្ត្រី​ដែល​សម្រាល​កូន​រួច​ច្រើន​ជួប​ប្រទះ​បញ្ហា​បាត់បង់​សមត្ថភាព​ចងចាំ​ខុស​ពី​មុន​ ដែល​នេះ​​បណ្ដាល​ឱ្យ​មក​ពី​ការ​ផលិត​អរម៉ូន​ក្នុង​ពេល​ពរ​ពោះ​ហើយ​ប៉ះពាល់​ដល់​ខួរ​ក្បាល​។ ជាក់​ស្ដែង​ ការ​កើន​ឡើង​នៃ​​អរម៉ូន​ Estrogen ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​បាន​ប៉ះពាល់​ទៅ​ដល់​ការ​វិវត្ត​ផ្នែក​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​របស់​ស្ត្រី​។ វា​អាច​មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​ពេល​ធម្មតា​ដល់​ទៅ​រាប់​រយ​ដង​ឯណោះ ទើប​ធ្វើ​ឱ្យ​សមត្ថភាព​ខួរ​ក្បាល​ជួប​បញ្ហា​បែប​នេះ​។ ក្រៅ​ពី​នេះ អារម្មណ៍​ស្ត្រេស​និង​ការ​គិត​ច្រើន​ក៏​អាច​បណ្ដាល​ឱ្យ​ទៅ​ជាមាន​ការ​ភ្លេច​ភ្លាំង​ច្រើន ទាំង​ក្នុងពេល​ពរពោះ​និង​ក្រោយ​ពេល​សម្រាល​។
២-សក់
អាការៈ​ជ្រុះ​សក់​ក្រោយ​ពេល​សម្រាល​ កើត​ឡើង​មក​ពី​កង្វះ​ជីវជាតិ​នៃ​អរម៉ូន​។ ដោយ​សារ​តែ​កម្រិត​អរម៉ូន​ Estrogen មាន​ការ​កើន​ឡើង​ច្រើន​ជាង​ពេល​ធម្មតា​ដូច​បាន​រៀបរាប់​នៅ​ចំណុចខាង​លើ​ អាយុ​កាល​នៃ​សក់​របស់​ស្ត្រី​ក៏​កើន​ឡើង​បាន​យូរ​ជាង​មុន​ ប៉ុន្តែ​ក្រោយ​ពេល​ទារក​កើត​ហើយ កម្រិត​ Estrogen ត្រូវ​ថយ​ចុះ​មក​នៅ​ត្រឹម​កម្រិត​ធម្មតា​ដូច​មុន​ពេល​មាន​ផ្ទៃ​ពោះ ទើប​​បណ្ដាល​ឱ្យ​សក់​ទៅ​ជា​ជ្រុះច្រើន​បែប​នេះ។
៣-ភ្នែក
ភ្នែក​គឺ​ជា​សរីរាង្គ​ដែល​ឆាប់​ចុះ​ខ្សោយ​បំផុត​ ហើយ​ក៏​ងាយ​នឹង​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និង​ក្រោយ​សម្រាល​។ អាការៈ​មួយ​ចំនួន​នៃ​បញ្ហា​ភ្នែក​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​ក្រោយ​សម្រាល​មាន​ដូច​ជា ភ្នែក​ឡើង​ស្ងួត មើល​លែង​សូវ​ច្បាស់​ មីញ៉ូប ឬ​ជំងឺ​ឡើង​សំពាធ​ទឹក​ក្នុង​ភ្នែក​ជា​ដើម។
៤-ត្រចៀក
អំឡុង​ពេល​នេះ​ ស្ត្រី​អាច​ជួប​ប្រទះ​អាការៈ​ហ៊ឹងត្រចៀក​ ដែល​​មិន​ត្រឹមតែ​នាំ​ឱ្យ​ស្ដាប់​អ្វី​មិន​ច្បាស់​ទេ តែ​អាច​នាំ​ឱ្យ​ស្ត្រី​ឮ​សំឡេង​ប្លែកៗ ឬ​ដូច​មាន​អ្វី​កោស​នៅ​ក្នុង​ត្រចៀក​ជា​ដើម​។ ប៉ុន្តែ​ការ​ហ៊ឹង​ត្រចៀក​នេះ​អាច​កើត​ឡើង​តាម​ស្ថានភាព​របស់​មនុស្ស​ខុស​ៗ​គ្នា​ អ្នក​​ខ្លះ​កើត​ អ្ន​កខ្លះ​ក៏​អត់ អ្នក​ខ្លះ​កើត​តិច​តួច អ្នក​ខ្លះ​កើត​ខ្លាំង​តែ​ម្ដង​។
៥-ពោះ
ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ ស្បែក​ពោះ​របស់​ស្ត្រី​អាច​ឡើង​សង្វារ ដែល​ពេល​ចាប់​ផ្ដើម​ដំបូង​អាច​មាន​ពណ៌ស​ និង​ប្ដូរ​ទៅ​ជា​ពណ៌​ផ្កាឈូក​ក្រហម​។ ស្នាម​សង្វារ​នេះ​ជា​ធម្មតា​មិន​អាច​បាត់​ទៅ​វិញ​ទេ​ ទើប​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិបាក​នឹង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ចេញ​សាច់​ក្បាល​ពោះ​ដូច​ពី​មុន​ណាស់​។ ក្រៅ​ពី​សង្វារ​ សាច់​ក្បាល​ពោះ និង​ត្រគាក​ក៏​ត្រូវ​យារ​ធ្លាក់​ ជ្រីវជ្រួញ​ ប៉ុន្តែ​បើ​ស្ត្រី​ចេះ​ថែ​រក្សា​ខ្លួន​ រាងកាយ​ស្រឡូន​អាច​ត្រឡប់​មក​វិញ​បាន។

៦-ទ្វារ​មាស
តំបន់​សម្ងាត់​របស់​ស្ត្រី​គឺ​ជា​កន្លែង​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ក្នុង​ពេល​សម្រាល​កូន​ ដោយ​សារ​ត្រូវ​រីក​ធំ​ខុស​ពី​ធម្មតា​ជា​ច្រើន​ដង​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ បើ​ទ្វារ​មាស​របស់​នារី​មិន​សូវ​រីក​ធំ​ក្នុង​អំឡុង​ពេល​នោះ គ្រូ​ពេទ្យ​នឹង​ច្រឹប​បន្តិច​ដើម្បី​ឱ្យ​វា​រីក​ងាយ​ស្រួល​សម្រាល​។ ទោះ​បី​មាន​ការ​ដេរ​ភ្ជិត​ទៅ​វិញ​ក្រោយ​ពេល​បង្កើត​កូន​រួច ក៏​ទំហំ​និង​ទ្រង់ទ្រាយ​របស់​វា​មិន​ដូច​ដើម​ដែរ។
៧-ដើម​ទ្រូង
ផ្នែក​ដើម​ទ្រូង​របស់​ម្ដាយ​នឹង​ក្លាយ​ជា​យារ​ធ្លាក់​ ហើយ​បើ​​ម្ដាយ​ដែល​បំបៅ​កូន​ វា​ក៏​កាន់​តែ​លែង​តឹង​ណែន​ដូច​ស្រី​ក្រមុំ​ ព្រោះ​វា​នឹង​ឡើង​ធំ​ជាង​មុន​។ ចំណែក​កាល​ពី​ពេល​ពរ​ពោះ ស្ត្រី​ភាគ​ច្រើន​ត្រូវ​ជួប​ប្រទះ​នឹង​សង្វារ​រងើម​ពេញ​ដើម​ទ្រូង​ ក្បាល​សុដន់​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ លែង​ស្រស់​ស្អាត។

៨-រាងកាយ​ទាំង​មូល
ទាំង​ក្នុង​ពេល​ពរ​ពោះ​និង​ក្រោយ​សម្រាល​ អ្ន​កម្ដាយ​ត្រូវ​តែ​បង្ខំ​ខ្លួន​ញ៉ាំ​ឱ្យ​បាន​ច្រើន​​ដើម្បី​ផ្ដល់​ជីវជាតិ​ដល់​កូន​និង​ខ្លួន​ឯង។ ជា​លទ្ធផល​ ស្ត្រី​ភាគ​ច្រើន​ត្រូវ​មាន​រូបរាង​ធាត់​ ហើយ​ផ្នែក​ខ្លះ​ក៏​ទៅ​ជា​យារ​ធ្លាក់​ដូច​ជា ស្បែក​ពោះ ដើម​ដៃ​ជា​ដើម​។ ប៉ុន្តែ​អ្នក​អាច​មានរូបរាង​ស្អាត​ឡើង​វិញ​បាន ដោយ​ការ​ហាត់​ប្រាណ ឬ​លេង​កីឡា​ក្រោយ​រយៈ​ពេល​សម្រាល​កូន​សម​ស្រប​ណា​មួយ ដោយ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ច្បាស់​លាស់។
៩-ផ្លូវ​ចិត្ត
ការ​បញ្ចប់​នៃ​បម្រែបម្រួល​អរម៉ូន​ក្នុង​រាងកាយ​ និង​ការ​ថែរក្សា​កូន​គឺ​ជា​ដំណាក់​កាល​ពិបាក​មួយ​សម្រាប់​នារី​ ដែល​អាច​បង្ក​ទៅ​ជា​អារម្មណ៍​ស្ត្រេស ឆាប់​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ ឆាប់​ខឹង​មួម៉ៅ​។ ដំណាក់​កាល​នេះ​ ប្ដី​ប្រពន្ធ​មួយ​ចំនួន​អាច​មាន​បញ្ហា​ក្នុង​គ្រួសារ​​ដោយ​ការ​មិន​យល់​អារម្មណ៍​ភរិយា និង​ការ​មិន​យក​ចិត្ត​ទុកដាក់​របស់​ស្វាមី៕

ប្រភព៖ bestie ប្រែ​សម្រួល៖ ឡៃហ៊ាង