អាមេរិក៖​បងប្អូន​ប្រុសស្រី​ចំនួន ១៣នាក់​ត្រូវ​បាន​ឱពុក ម្តាយ​ចាប់ចង និង​បង្អត់​អាហារ​នៅ​កាលីហ្វ័រនីញ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក៖​បងប្អូន​ប្រុសស្រី​ចំនួន ១៣នាក់​ត្រូវ​បាន​ឱពុក ម្តាយ​ចាប់ចង និង​បង្អត់​អាហារ​នៅ​កាលីហ្វ័រនីញ៉ា

18/01/2018
នៅ​សហរដ្ឋអាមេរិក ព្រឹត្តិការណ៍​ដ៏​រន្ធត់​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​កើត​មាន​នៅ​ក្នុង​គ្រួសារ​មួយ​រស់​ក្នុង​ស្រុក Perris ស្ថិត​ប៉ែក​អាគ្នេយ៍​ទីក្រុង Los Angeles នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា។ ព្រឹត្តិការណ៍​ដ៏​រន្ធត់​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ​ថា មាន​បងប្អូន​ប្រុសស្រី​ចំនួន ១៣នាក់​ត្រូវ​បាន​ឱពុក ម្តាយ​ចាប់ចង និង​បង្អត់អាហារ​នៅ​ក្នុង​ផ្ទះ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​ប៉ូលីស​ក៏​បាន​ចាប់​ខ្លួន​ឱពុក ម្តាយ​ដែល​មាន​អាយុ ៥៧ឆ្នាំ និង ៤៩ឆ្នាំ​ទៅ​ឃុំឃាំង។ ចំណែក​ជនរងគ្រោះ​បងប្អូន​ប្រុសស្រី​ទាំង ១៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។

ការ​ដែល​ប៉ូលិស​បាន​ដឹង​ព័ត៌មាន​ស្តីពី​ឱពុក ម្តាយ​ចាប់ចង និង​បង្អត់អាហារ​កូនបង្កើត​ខ្លួន​ឯង​ទាំង ១៣នាក់​នៅ​ក្នុង​ផ្ទះ​ក៏​ដោយសារ​តែ​មាន​ជនរងគ្រោះម្នាក់​ជា​កូនស្រី​បាន​រត់រួច​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស។ ប៉ូលិស​បាន​គិត​ពី​ដំបូង​ថា កូនស្រី​រត់រួច​ខ្លួន​មាន​រាងស្គម និង​មាន​មុខមាត់​គគ្រិច​នោះ​មាន​អាយុ ១០ឆ្នាំ តែ​អាយុ​ពិត​ប្រាកដ​របស់​គេ គឺ ១៧ឆ្នាំ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ​នោះ គេ​បាន​ឃើញ​មនុស្ស​ចំនួន ១២នាក់​កំពុង​ជាប់​ចំណង​នឹង​ដៃ​នៅ​កន្លែង​ងងឹត​ស្លុង និង​ដែល​ខ្លះ​ជា​ចំណង​ច្រវ៉ាក់​ចង​ជាប់​នឹង​គ្រែ​មាន​ទាំង​ចាក់​សោ​ទៀត​ផង។

នៅ​ពេល​ឃើញ​ដំបូង ប៉ូលិស​ស្មាន​ថា​មនុស្ស​ជា​ជនរងគ្រោះ​ទាំង ១៣នាក់​ដែល​គ្មាន​អាហារ​ទទួល​ទាន និង​គគ្រិច​នោះ​ជា​កូនក្មេង​ទាំង​អស់ តែ​ដល់​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ​ទើប​ដឹង​ថា​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ១៣នាក់​នោះ មាន ៧នាក់​ជា​មនុស្ស​ធំ​មាន​អាយុ​ពី ១៨ ទៅ ២៩ឆ្នាំ និង ៦នាក់​ទៀត​ជា​កូនក្មេង​ដែល​ម្នាក់​ជា​ទារក​ទើប​មាន​អាយុ ២ឆ្នាំ។ ភ្លាមៗ​នោះ ប៉ូលិស​បាន​នាំ​យក​កូនៗ​ទាំង ១៣នាក់​នោះ​ទៅ​ឲ្យ​ទទួល​ទាន​អាហារ និង​ដាក់​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។ ចំណែក​ឱពុកម្តាយ​របស់​កូនទាំង ១៣នាក់ ឱពុក​ឈ្មោះ David អាយុ ៥៧ឆ្នាំ និង​ម្តាយ​ឈ្មោះ Louise Turpin ត្រូវ​បាន​ប៉ូលិស​អូស ក ទៅ​ឃុំ​ក្នុង​បទ​ធ្វើ​ទារុណកម្ម និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ដទៃ។

ព័ត៌មាន​ផ្សាយ​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក​ឈ្មោះ KTLA ឲ្យ​ដឹង​ថា បុរស​ជា​ឱពុក​ជា​អតីត​នាយក​សាលាឯកជន​មួយ​ដែល​ទើប​បាន​ប្រកាស​បិទទ្វារ បន្ទាប់​ពី​បាន​បើក​ទ្វារ​កាល​ពី​ឆ្នាំ ២០១១។ ក្រុម​អ្នកស៊ើបអង្កេត​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ពី​មូលហេតុ​ដែល​បាន​បង្ខំ​ឲ្យ​ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​ចាប់ចង និង​បង្អត់អាហារ​​កូនខ្លួន​ឯង​ទាំង ១៣នាក់​នោះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង ជនដៃ​ដល់​ទាំង​ពីរ​នឹង​ត្រូវ​ឆ្លើយ​នៅ​មុខ​តុលាការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មករា៕