មានទម្លាប់អាក្រក់មុនចូលគេងជាច្រើនដែលមនុស្សភាគច្រើនចូលចិត្តធ្វើម្ដងហើយម្ដងទៀត ហើយពួកគេក៏មិនបានដឹងថាវាជាទម្លាប់អាក្រក់ និងប៉ះពាល់សុខភាពឡើយ។ ខាងក្រោមនេះ គឺទម្លាប់មុនចូលគេងចំនួន ៨ដែលអ្នកគួរចៀសវាង ព្រោះថាបើសិនបន្តធ្វើវាច្រើនលើកច្រើនសា វានឹងបង្កជាគ្រោះថ្នាក់ដល់សុខភាព និងធ្វើឲ្យដំណេករបស់អ្នករងការរំខាន ក៏ដូចជាគ្មានគុណភាព៖
១. ញ៉ាំអីមុនចូលគេង
អ្នកគួរញ៉ាំអាហារពេលល្ងាចយ៉ាងហោច ២ទៅ៣ម៉ោងមុនចូលគេង ហើយក្រោយពីនោះ គួរកុំញ៉ាំអ្វីទៀតឡើយ ពុំដូច្នោះទេវានឹងបង្កបញ្ហាដល់ការរំលាយអាហារ ខណៈដែលអ្នកគេងលក់។
២. ហាត់ប្រាណមុនចូលគេង
ការហាត់ប្រាណរាល់ថ្ងៃគឺជារឿងល្អ ហើយក៏ចាំបាច់ដែរ សម្រាប់សុខភាព និងរាងកាយរឹងមាំ។ ប៉ុន្តែបើហាត់ប្រាណច្រើនហើយចូលគេងភ្លាមៗនោះ វានឹងធ្វើឲ្យអ្នកពិបាកគេងលក់ ឬគេងលក់មិនស្កប់។
៣. ទុកឲ្យជើងរងា
ប្រសិនបើអ្នកមានអារម្មណ៍ថាប្រអប់ជើងត្រជាក់ហើយសើម អ្នកអាចពាក់ស្រោមជើងមុនចូលគេងដើម្បីរក្សាកម្ដៅ និងធ្វើឲ្យអ្នកគេងលក់ស្ងប់។
៤. ផឹកកាហ្វេមុនចូលគេង
មុនចូលគេង កុំញ៉ាំកាហ្វេឲ្យសោះ។ អ្នកអាចផឹកវាក្នុងចន្លោះ ៧ទៅ៨ម៉ោងមុនចូលគេង ប៉ុន្តែចៀសវាងញ៉ាំ ៤ទៅ៥ម៉ោងមុនចូលគេង ព្រោះវានឹងធ្វើឲ្យអ្នកគេងមិនលក់ ឬលក់មិនស្ងប់។
៥. ឥរិយាបថគេងមិនល្អ
ព្យាយាមគេងបែរចំហៀងឲ្យបានច្រើនព្រោះវាជាឥរិយាបថគេងដែលល្អសម្រាប់សុខភាពអ្នក។ ដោយឡែកឥរិយាបថគេងដែលត្រូវចៀសវាងបំផុតនោះគឺការគេងផ្កាប់ ដែលធ្វើឲ្យពិបាកដល់ការដកដង្ហើម។
៦. ផឹកទឹកច្រើនមុនចូលគេង
ផឹកទឹកច្រើនមុនចូលគេង អាចរំខានដល់ដំណេករបស់អ្នក ព្រោះថាអ្នកនឹងត្រូវងើបចូលបន្ទប់ទឹកញឹកញាប់។
៧. ប្រើរបស់អេឡិចត្រូនិកមុនចូលគេង
ពន្លឺពីអេក្រង់ទូរសព្ទ ឬកុំព្យូទ័រអាចជះឥទ្ធិពលមិនល្អដល់ខួរក្បាល ដែលធ្វើឲ្យអ្នកគេងមិនស្ងប់ ហើយក៏ប៉ះពាល់ដល់ភ្នែករបស់អ្នកផងដែរ។ សារធាតុវិទ្យុសកម្មក៏គ្រោះថ្នាក់ណាស់ដែរដល់សុខភាពអ្នក ដូច្នេះសូមកុំទុកទូរសព្ទជាប់ខ្លួនពេកពេលអ្នកគេង។
៨. ប្រើពូកគ្មានគុណភាព
ការគេងពិតជាសំខាន់សម្រាប់សុខភាព ដូច្នេះអ្នកគួរចំណាយលុយខ្លះដើម្បីទិញពូកដែលល្អមួយដែលអាចផ្ដល់នូវដំណេកដែលមានផាសុកភាពសម្រាប់ខ្លួនឯង។ ពូកមិនល្អ មិនត្រឹមតែផ្ដល់ការរំខានដល់ដំណេករបស់អ្នកទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានបញ្ហាដល់ឆ្អឹងខ្នងរបស់អ្នកផងដែរ ៕
ប្រភព៖ blognews ប្រែសម្រួល៖ ឡៃហ៊ាង
