ថ្វីបើក្រុមហ៊ុន SAMSUNG មិនទាន់ប្រកាសចេញម៉ូដែល Galaxy Note 9 ប៉ុន្តែអ្នករចនាល្បីឈ្មោះ Benjamin Geskin បានចែករំលែករូបភាពថ្មីជុំវិញ Concept ម៉ូដែល Galaxy Note 10 លើគេហទំព័រ Twitter។
ប្រសិនណាបើ Note 9 បង្ហាញខ្លួនក្នុងឆ្នាំ ២០១៨ ដូចកាលបរិច្ឆេទដដែល Note 10 នឹងចេញបន្តកន្ទុយគ្នានៅឆ្នាំ ២០១៩។ ផ្អែកតាមការរចនា វានឹងមានអេក្រង់ផ្ទៃពេញកាន់តែធំជាងមុន ហើយចម្លងម៉ូដចេញពី iPhone X ដែលបន្សល់ស្នាមមួយទុកនៅផ្នែកកណ្ដាល សម្រាប់ទុកដំណើរការ Speaker ខាងមុខ។
ចំណែកតួក្រោយមានកាមេរ៉ាភ្លោះបញ្ឈរដូចគំរូរាង Galaxy S9+ ដែលលេចចេញកន្លងមក ប៉ុន្តែគ្មានទ្រនាប់ស្កេនខ្ចៅដៃ ទំនងជាប្រើបច្ចេកវិទ្យាស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ដូចដែល VIVO ទើបបង្ហាញក៏ថាបាន។ កន្លងទៅក្រុមហ៊ុន Qualcomm និង Synaptics បានដុតដៃដុតជើងក្នុងការផលិតបច្ចេកវិទ្យាពិសេសនេះ ខណៈ Synaptics បានចូលរួមសហការផ្គត់ផ្គង់ឲ្យក្រុមហ៊ុនប្រទេសចិន។
ប្រភព៖ gizmochina ប្រែសម្រួល៖ ឡៃហ៊ាង
