ការអំពាវនាវបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីកូរ៉េទាំងពីរ បានព្រមព្រៀងកាលពី1ថ្ងៃអង្គារ ថានឹងបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមកីឡាអូឡាំពិក រដូវរងារនៅកូរ៉េខាងត្បូង ក៏ដូចជារៀបចំកិច្ចសន្ទនាយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ដោយឡែក ថ្លែងនៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាកូរ៉េខាងត្បូង ពិតជាចង់បានសន្តិភាព និងបន្ធូរបន្ថយភាពតានតឹងពិតប្រាកដមែន ដំបូងពួកគេត្រូវតែបញ្ឈប់រាល់ ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដែលជាសកម្មភាពប្រឆាំងនឹងបងប្អូនខាងជើងរបស់ខ្លួនឯងជាមុនសិន។
សមយុទ្ធយោធា គឺជាប្រភពដើមនៃភាពតាននឹង និងនាំឱ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងរណ្ដៅគ្រោះថ្នាក់ ហើយមិនតែប៉ុណ្ណោះ កូរ៉េទាំងពីរនឹងមិនអាចជឿទុកចិត្តគ្នា ឬក៏ឆ្ពោះទៅរកការផ្សះផ្សាបានឡើយ ក្រោមស្ថានភាពតានតឹងផ្នែកយោធាដូចបច្ចុប្បន្ន»។