Liverpool បន្តកើប៣ពិន្ទុពីការប្រកួត Premier League សប្ដាហ៍ទី២២ ក្រោយយកឈ្នះម្ចាស់ផ្ទះ Burnley ២ ទល់នឹង១។
ការប្រកួតនៅទឹកដី Turf Moor គូប្រជែងតំណែង Top 4 ទាំងពីរមិនអាចរកគ្រាប់បានទេនៅវគ្គទីមួយ គឺបានត្រឹមរំខាននៅមុខទីគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ចូលវគ្គទីពីរ Sadio Mane បានទាត់មួយទំហឹងក្នុងប្រអប់ទម្លាយសំណាញ់ទីឲ្យភ្ញៀវនាំមុខមួយគ្រាប់មុន។
ក្រោយរបូតមួយគ្រាប់ Burnley បានបន្តគាបសង្កត់លើ Liverpool ហើយមានឱកាសស៊ុតច្បាស់ៗច្រើនបាល់ដែរ តែត្រូវអ្នកចាំទី Mignolet ជួយសង្គ្រោះបាន។ លុះនាទី៨៧ រនាំងការពារ Liverpool ទប់លែងជាប់ធ្វើឲ្យម្ចាស់ផ្ទះតាមស្មើបានសម្រេចជាការតែតរបស់ ខ្សែបម្រើអ៊ីស្លង់ Gudmundsso។
យ៉ាងណានៅម៉ោងបន្ថែម ៩០+៤ Liverpool មានសំណាងស៊ុតគ្រាប់ជ័យជម្នះ ក្រោយ Lovren បញ្ជូនឲ្យ Klavan តែតបញ្ចូលទី។ ជ័យជម្នះនេះធ្វើឲ្យក្រុមលោក Jurgen Klopp បន្តឈរលេខ៤ ហើយដាច់ពិន្ទុលេខ៥ Arsenal ចំនួន៦ពិន្ទុ៕