Pochettino អ្នកចាត់ការក្រុម Spurs បានបញ្ជាក់ថាខ្សែប្រយុទ្ធ Harry Kane មិនមែនសម្រាប់លក់ចេញនៅខែមករាខាងមុខនេះទេ បើទោះជាក្លឹប Real Madrid បង្ហាញចំណាប់អារម្មណ៍ចង់បានក៏ដោយ។
ក្រោយពីស៊ុតបាន៣គ្រាប់កាលពីប៉ុន្មានមុន និងក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅឆ្នាំ២០១៧នេះ Kane បានក្លាយជាគោលដៅធំសម្រាប់ក្រុម Real Madrid ដើម្បីជំនួសតំណែង Karim Benzema ។ លោក Perez ប្រធានក្លឹប Real នឹងធ្វើការដាក់ដេញថ្លៃខ្សែប្រយុទ្ធម្នាក់នេះនៅខែមករា ជាមួយតម្លៃខ្លួនខ្ពស់មួយ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
ទន្ទឹមគ្នានោះដែរលោក Pochettino បែរជានិយាយបិទទីផ្សារទិញដូរតែម្ដង ដោយលោកបញ្ជាក់ថានឹងមិនទទួលសំណើពីក្លឹបណាឡើយ ព្រោះកីឡាកររបស់ខ្លួនកំពុងពេញចិត្តនឹងការជួយក្រុមបន្ដទៀត។ "អ្នកគ្រប់គ្នាអាចនិយាយបានតាមចិត្ត ប៉ុន្តែវាមិនអាចកើតមានបានឡើយ។ យើងមិនមានបំណងចង់លក់ខ្សែប្រយុទ្ធរបស់យើងទេ”។
បើកឆាកទីផ្សារដោះដូរកីឡាករនៅខែមករា ក្រុម Liverpool បានបង្កើតប្រវត្តិសាស្ត្រមួយភ្លាម ដោយចុះកុងត្រាយកខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុត Van Dijk ក្នុងតម្លៃ៨៥លានអឺរ៉ូពី Southampton ។ ស្របពេលដែលក្លឹបមួយចំនួនទៀត ហាក់ដូចជាមិនទាន់មាននរណាចេញមុខប្រកាសទិញកីឡាករថ្មីបាននៅឡើយទេ៕