ច្បាប់​មាត្រា​សាស្ត្រ​ផ្តោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ឧបករណ៍​ដោយ​យុត្តិធម៌​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ច្បាប់​មាត្រា​សាស្ត្រ​ផ្តោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ឧបករណ៍​ដោយ​យុត្តិធម៌​

26/12/2017
ភ្នំពេញ៖ អគ្គ​នាយ​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​បាន​បញ្ជាក់​ថា ច្បាប់​ស្តីពី​មាត្រា​សាស្ត្រ​ជាតិ គឺ​បាន​ដើរតួ​យ៉ាង​សំខាន់ គឺ​ការ​រក្សា​និង​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ការប្រើប្រាស់​ឧបករណ៍​មាត្រា​សាស្ត្រ​ដោយ​ត្រឹមត្រូវ ជាពិសេស​ធានា​ដល់ ផលប្រយោជន៍​រវាង​អ្នកប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់​។​

​លោកជំទាវ ពៅ វ​ល្ស​ណ៍ អគ្គនាយក​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​ថា មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ ដែល​សរសេរ​ជា​អក្សរ​កាត់ (​ម​.​ម​.​ជ​.) គឺ​សម្រាប់​គ្រប់គ្រង​រាល់​សកម្មភាព សេវា​ពាក់ព័ន្ធ​នឹង​ការងារ​មាត្រា​សាស្ត្រ​មាន​ជាអាទិ៍ វិទ្យាសាស្ត្រ​មាត្រា​សាស្ត្រ ឧស្សាហកម្ម​មាត្រា​សាស្ត្រ និង​នីត្យានុកូល​មាត្រា​សាស្ត្រ​។​

​លោកជំទាវ​បាន​បន្ត​ថា ចាប់​តាំងពី​ច្បាប់ ​បាន​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​មក មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​ដែល មាន​ឧស្សាហកម្ម​មាត្រា​សាស្ត្រ ដែលជា​ខ្នាត​វាស់វែង និង​ធ្វើការ​ព្យសនកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ យើង​បាន​អនុវត្តន៍​កិច្ចការ​ជាច្រើន នៅលើ​ការងារ​ឧស្សាហ​កម្មនេះ​។ ចំណែក​វិទ្យាសាស្ត្រ​មាត្រា​សាស្ត្រ ដែលជា​ផ្នែក​តម្រូវ​ឲ្យ​ឧបករណ៍​អ្នកប្រើប្រាស់ ត្រូវតែ​ត្រួតពិនិត្យ​នោះ​គឺ​មជ្ឈមណ្ឌល​បានធ្វើការ​ជាច្រើន​ជាមួយ​បញ្ហា​នេះ​ផងដែរ​។​

​លោកជំទាវ ពៅ វ​ល្ស​ណ៍​ បាន​បន្តថា មាត្រា​សាស្ត្រ គឺ​សំដៅ​ដល់​វិទ្យាសាស្ត្រ ការគ្រប់គ្រង​ទម្ងន់ និង​រង្វាស់រង្វាល់ ក្នុងនោះ ​ច្បាប់​ស្តីពី​មាត្រា​សាស្ត្រ​ជាតិ គឺ​បាន​ដើរតួ​យ៉ាងសំខាន់ សម្រាប់​ការផ្តល់​ភាពត្រឹមត្រូវ ការធានា​ដល់​ការធ្វើ​ពាណិជ​កម្ម​គ្មាន​លម្អៀង និង​ការប្រើប្រាស់​ឧបករណ៍​មាត្រា​សា​ស្ត្ទ​ដោយ​ត្រឹមត្រូវ ជាពិសេស​ធានា​ដល់​ផលប្រយោជន៍ រវាង​អ្នកប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់​ដែល​កំពុងផ្តល់​សេវា​នៅក្នុងពេល​បច្ចុប្បន្ន​។​

​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ បាន​បំពេញ​មុខងារ​ជា​សេនាធិការ​ឱ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើ​ការងារ​មាត្រា​សាស្ត្រ​ជាតិ ដោយមាន​ភារកិច្ច​ដូចជា ការរៀបចំ​និង​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ ផែនការ​សម្រាប់​អភិវឌ្ឍន៍​ផ្នែក​មាត្រា​សាស្ត្រ ការអនុវត្ត​ការងារ​ចុះបញ្ជី​មាត្រា​សាស្ត្រ ការគ្រប់គ្រង ​និង​ថែរក្សា​ស្តង់ដារ​គោល​ជាតិ ការពិនិត្យ វាយតម្លៃ​លើ​ភាព​អនុលោម និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ស្តង់ដា​ប្រតិបត្តិ​សម្រាប់​ការអនុវត្ត​ដល់​អង្គភាព​ផ្សេងៗ ការធ្វើ តេស្ត វិភាគ ទំនិញ​ផលិត ពុម្ព និង​សំបក​វេច​ខ្ចប់ ការធ្វើ​ព្យា​សកម្ម​ស្តង់ដារ​មាត្រា​សាស្ត្រ និង​ឧបករណ៍​មាត្រា​សាស្ត្រ ការធ្វើ ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ភាព​អនុលោម​អំពី​ទម្ងន់ និង​រង្វាស់រង្វាល់​នៃ​ទំនិញ​ផលិត និង​ទំនិញ​វេច​ខ្ចប់ តាម​លក្ខខណ្ឌ​លម្អិត នៃ​ទំនិញ​វេច​ខ្ចប់​ដែល​ទាក់ទង​នឹង​ផ្នែក​មាត្រា​សាស្ត្រ ការត្រួតពិនិត្យ​ផ្ទៀ​ត​ផ្ទាត់ និង​បញ្ជាក់​សមត្ថភាព​អប្បបរមា និង​អតិបរមា​អំពី​ទម្ងន់ ឬ​រង្វាស់រង្វាល់​នៃ​ឧបករណ៍​មាត្រា​សាស្ត្រ​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាដើម ៕ប្រភព៖ BayonTV