
ភ្នំពេញ៖ នាយកក្រុមហ៊ុនChina Railway អន្តរជាតិប្រទេសចិន បានថ្លែងថា ការជំរុញអភិវឌ្ឍន៍ផ្លូវរទេះភ្លើងក្នុងតំបន់ ប្រទេសឡានឆាងមេគង្គ គឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាពិសេសការធ្វើពាណិជ្ជកម្មជំនួញផ្សេងៗ និងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ រវាងប្រទេសក្នុងតំបន់ទាំងនោះ។
លោកYang Zhongmingនាយករងក្រុមវិស្វករ នៃក្រុមហ៊ុនChina Railway និងជានាយកក្រុមហ៊ុនChina Railway អន្តរជាតិ បានលើកឡើងនៅក្នុងជំនួបជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយប្រទេសក្នុងតំបន់ឡានឆាងមេគង្គកាលពីពេលថ្មីៗថា បច្ចុប្បន្នប្រទេសចិនបានអនុវត្តន៍រួចរាល់ហើយ ដោយមានប្រភេទរថភ្លើងល្បឿនមធ្យម និងប្រភេទរថភ្លើងល្បឿនលឿន ដែលកំពុងបានផ្តល់សេវាដឹកជញ្ជូនក្នុងស្រុកយ៉ាងល្អប្រសើរ។
លោកបានបន្តថា ទាក់ទិននឹងការអភិវឌ្ឍន៍ផ្លូវរថភ្លើងក្នុងបណ្តាប្រទេសឡានឆាងមេគង្គវិញ ប្រទេសចិននឹងរំពឹងទុកថា ចំពោះគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងចំនួន៣ខ្សែ នៅក្នុងបណ្តាប្រទេសឡានឆាងមេគង្គ ដែលជាប្រភេទផ្លូវរថភ្លើងល្បឿនលឿន ក្នុងនោះសម្រាប់ខ្សែទី១ ដែលចេញពីខេត្តគុណមិញនៃប្រទេសចិន ចូលទៅប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី ទៅសាំងហ្គាព្យួរ ខ្សែទី២ជាគម្រោងរថភ្លើងកណ្តាល ចូលទៅប្រទេសឡាវ និងប្រទេសថៃ ចំណែកគម្រោងទី៣ ចូលទៅ ប្រទេសភូមា ថៃ ម៉ាឡេស៊ី ទៅសាំងហ្គាព្យួរនោះ ភាគីចិនបានអនុវត្តន៍ផ្លូវរថភ្លើងក្នុងស្រុករួចហើយ។
ចំពោះប្រទេសនៅក្នុងបណ្តាប្រទេសឡានឆាងមេគង្គដែលមិនទាន់អនុវត្តន៍ គឺទាមទារឲ្យរដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការគ្រប់គ្រងដោយខ្លួនឯង ក្នុងការអភិវឌ្ឍន៍គម្រោងខ្សែក្រវ៉ាត់OneBelt OneRoad ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍រួមគ្នា ព្រោះបញ្ហាផ្លូវរថភ្លើងនេះ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដើម្បីប្រាស្រ័យទាក់ទងគ្នា ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ភ្ញៀវ ទេសចរណ៍ជាដើម។
លោកYang Zhongmingបានបន្តទៀតថា ចំពោះផ្លូវរថភ្លើងល្បឿនលឿនដែលឆ្លងកាត់កម្ពុជា មានប្រវែងប្រមាណជាង២៨០គីឡូម៉ែត្រនោះវិញ គឺពុំទាន់មានជាផ្លូវដែកនៅឡើយ។ ពាក់ព័ន្ធផ្លូវរថភ្លើងនេះលោកបានឲ្យដឹងថា នាពេលកន្លមក ក្រុមហ៊ុន China Railway អន្តរជាតិនៃប្រទេសចិន គឺបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុករួចរាល់ហើយ ដើម្បីធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងនៅក្នុងប្រទេសកម្ពុជា៕ប្រភព៖ bayonTV