ការតមអាហារត្រឹមត្រូវ និងហាត់ប្រាណបានទៀងទាត់ជួយពន្លឿនការស្រកគីឡូ ប្រកបដោយសុខភាព។ ប៉ុន្តែការតមអាហារដោយបង្អត់ខ្លាំងពេកនឹងធ្វើឲ្យអ្នកស្លេកស្លាំង ខ្វះជីវជាតិ ហើយខ្សោយអស់កម្លាំង។ ម្យ៉ាងទៀតបើធ្វើការតមអាហារនោះមិនបានត្រឹមត្រូវទេ គឺមិនងាយស្រកទម្ងន់នោះឡើយនាំតែការប្រឹងប្រែងត្រូវអាសាបង់។ តែឆ្ងល់ថាគួរញ៉ាំយ៉ាងណា ដើម្បីឲ្យស្រកទម្ងន់តែមិនឈឺនោះ។
យោងតាមការស្រាវជ្រាវបានពន្យល់ថា ការញ៉ាំអាហារទាំង ៣ ពេល ត្រឹមត្រូវតាមកំណត់ដែលមានជីវជាតិគ្រប់គ្រាន់ជាពិសេសអាហារមានប្រូតេអ៊ីនខ្ពស់ទើបអាចជួយសម្រកទម្ងន់បានលឿន។ ម្យ៉ាងវិញទៀតការដែលតមហើយមិនសូវស្រកនោះ គឺមកពីតមខុសរបៀប ដូចជាពេលព្រឹកអត់ញ៉ាំសោះ ឬញ៉ាំបន្តិចជាដើម។ របៀបតមដែលត្រូវគឺនៅពេលព្រឹកគួរញ៉ាំអាហារមួយចម្អែត តែចៀសវាងអាហារខ្លាញ់ និងបំពង ពេលថ្ងៃត្រង់ញ៉ាំតិចតួច ចៀសវាងអាហារមានជាតិស្ករ ដូចជាបាយជាដើម និងពេលល្ងាចគួរញ៉ាំបន្លែ ឬបើកុំញ៉ាំកាន់តែប្រសើរ។
ការញ៉ាំអាហារពេលព្រឹកបានច្រើន ជួយបង្កើនមេតាបូលីស ដែលធ្វើឲ្យដុតកាឡូរីបានល្អ ហើយមិនធ្វើឲ្យខ្សោយថែមទៀតផង។ មិនតែប៉ុណ្ណោះញ៉ាំពេលព្រឹកច្រើន ធ្វើឲ្យពេលថ្ងៃមិនសូវមិនសូវឃ្លានញ៉ាំបានតិច។ មួយវិញទៀតកាឡូរីទាំងប៉ុន្មានបានដុតបំផ្លាញតាំងពីព្រលឹមមកដល់ពេលល្ងាច ធ្វើឲ្យយើងស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ដូច្នេះហើយទើបជាការល្អណាស់បើមិនញ៉ាំអាហារពេលល្ងាច ព្រោះវាស្តុកកាឡូរីទុក និងមិនដុតបំផ្លាញពេលអ្នកគេងនោះឡើយ។៕
រូបតំណាង
ប្រភព៖
Womenshealth ប្រែសម្រួល៖ ឡៃហ៊ាង