ចាប់តាំងពីចូលដឹកនាំក្លឹប West Ham នៅដើមខែ វិច្ឆិកា ឆ្នាំ ២០១៧ ទីបំផុត David Moyes បានជួយក្រុមឈ្នះលើកដំបូងក្រោមការដឹកនាំរបស់លោក ដោយបានស៊ីក្រុមខ្លាំង Chelsea ក្នុងផ្ទះខ្លួនឯង១ទល់នឹង០។
ការប្រកួតចាប់ផ្ដើមបានតែ៦នាទី ខ្សែប្រយុទ្ធ Arnautovic របស់ក្រុមញញួរធំបានទាត់បំប៉ោងសំណាញ់ទីយ៉ាងល្អ ផុតដៃអ្នកចាំទី Thibaut Courtois។ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុនតោខៀវបានប្រឹងសម្រុកដាក់សម្ពាធទៅវិញជាច្រើនសារ តែគ្មានសំណាងសោះ។ លទ្ធផល ១-០បានបន្តរហូតដល់ចប់៩០នាទី ដែលជាការឈ្នះលើកទី៣ក្នុងលីគរដូវកាលនេះសម្រាប់ West Ham។
មួយគូទៀត Tottenham Hotspur ពិតជាធ្វើបានល្អមែនទែនសម្រាប់សប្ដាហ៍ទៅ១៦នៅ BPL ដោយបានបំបាក់ Stoke City ៥-១។ ៥គ្រាប់របស់ Spurs រកបានដោយ Harry Kane ២គ្រាប់ Heung-Min Son និង Christian Eriksen ម្នាក់១គ្រាប់ និង Ryan Shawcross របស់ Stoke ទាត់ចូលទីខ្លួនឯង។ ឯមួយគ្រាប់ Stoke City ទម្លុះសំណាញ់ដោយ Ryan Shawcross៕