បើអ្នកធ្លាប់មានអារម្មណ៍ថាទោះខំតមហើយហាត់ប្រាណយ៉ាងពិបាកយ៉ាងណាក៏នៅតែមិនស្រកគីឡូសមតាមបំណង អ្នកមិនមែនមានតែម្នាក់ឯងទេ ដែលមានអារម្មណ៍នេះ ជាក់ស្ដែងមនុស្សទូទាំងពិភពលោកហ្នឹងដែលមានបញ្ហានេះ។ ទាំងនេះជាហេតុផលដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់អ្នកគ្មានបានការ គឺថាតមយ៉ាងណាក៏មិនស្រក៖
១. អ្នករំពឹងទុកខ្ពស់ពេក៖មានអ្នកខ្លះរំពឹងថា មួយខែនឹងស្រកបាន៥គីឡូ ឬច្រើនជាងនេះ តែដល់ពេលអនុវត្តន៍មួយខែស្រកតែ១គីឡូ ទើបមានអារម្មណ៍ថាស្រកយឺតខ្លាំងដូចអត់ស្រកអញ្ចឹង។ តាមពិត១ខែស្រក១គីឡូវាសមល្មមតាមស្តង់ដារនៃការស្រកទម្ងន់ហើយ ព្រោះ៥គីឡូក្នុងមួយខែវាមិនអាចទៅរួចនោះទេ។
២. មិនមែនអាហារសម្រាប់ការតមហ្នឹងមិនធ្វើឲ្យធាត់នោះទេ៖
អ្នកខ្លះយល់ថាការញ៉ាំរបស់តម ទោះញ៉ាំច្រើនយ៉ាងណាក៏មិនធ្វើឲ្យធាត់ដែរ តែការគិតនេះខុសទាំងស្រុងតែម្ដង។ ទោះវាជាអាហារមានកាឡូរីទាបសម្រាប់ញ៉ាំតម តែមិនមែនគ្មានកាឡូរីទេ ដូច្នេះហើយបើអ្នកញ៉ាំច្រើនគឺដឹងតែមិនស្រកគីឡូឡើយ។
៣. អ្នកជ្រុលនិយមនិងការតមខ្លាំងពេក៖
មិនមែនតមរាល់ថ្ងៃធ្វើឲ្យឆាប់ស្រកនោះទេ តែផ្ទុយទៅវិញវានឹងធ្វើឲ្យអ្នកឈឺបាក់ ដោយសារខ្វះជីវជាតិ។ ដូចនេះអ្នកគួរកំណត់ថ្ងៃខ្លួនឯងថា ត្រូវមានមួយថ្ងៃដែលអ្នកអាចញ៉ាំចំនីដែលអ្នកចូលចិត្តបាន។
៤. គេងមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់មិនជួយឲ្យអ្នកស្រកទម្ងន់បានទេ ព្រោះការគេងមិនលក់ធ្វើឲ្យអ្នកមិនអាចដុតកាឡូរីបានច្រើនឡើុយ។ មិនតែប៉ុណ្ណោះវាធ្វើឲ្យអ្នកកូរពោះឃ្លានចង់ញ៉ាំចំណីតែម្ដង។
៥. ការអនុវត្តទម្លាប់ដដែលៗ៖ ទម្លាប់ដដែលៗដូចជា ក្បាច់ហាត់ប្រាណ និងអាហារសម្រាប់តម មីនុយដដែលៗ គួរដូរចេញ ព្រោះបើនៅតែអនុវត្តទង្វើដដែលនេះ យូរទៅអ្នកនិងមានអារម្មណ៍ធុញលែងចង់ស្រកទម្ងន់តទៅទៀតជាមិនខាន។ ដូច្នេះហើយ គួរនឹករកវិធីថ្មីៗដែលអាចសម្រកបានដូចគ្នានោះមកជំនួសទម្លាប់ចាស់ ៕
ប្រភព៖ YouTube ប្រែសម្រួល៖ ឡៃហ៊ាង
