ប៉ាគីស្ថាន ហេតុអ្វី បាន ជា កងទ័ព មិន ចេញមុខ បង្រ្កាប បាតុករអ៊ីស្លាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ាគីស្ថាន ហេតុអ្វី បាន ជា កងទ័ព មិន ចេញមុខ បង្រ្កាប បាតុករអ៊ីស្លាម

27/11/2017
ទីក្រុង អ៊ីស្លាម៉ាបាត ការប្រឈមមុខ ដាក់គ្នា ដ៏ ហិង្សា រវាង ក្រុមបាតុករ និង ប៉ូលិស ប៉ាគីស្ថាន នៅ ថ្ងៃ សៅរ៍ ទី ២៦ វិច្ឆិកា បាន សម្លាប់ មនុស្ស យ៉ាងតិច ៦នាក់ និង របួស ជិត ២០០ នាក់ ដែល មាន ទាំង ប៉ូលិស និង បាតុករ។ រដ្ឋាភិបាល ស៊ីវិល បាន ទាមទារ ឲ្យ កងទ័ព ចេញមុខ អន្តរាគម ដើម្បី រក្សា សណ្តាប់ធ្នាប់ សាធារណៈ បន្ទាប់ ពី ប៉ូលិស បរាជ័យ មិនអាច បំបែក ហ្វូង បាតុករ ដែល កាន់កាប់ បិទច្រក ផ្លូវ ចេញចូល មួយចំនួន របស់ រដ្ឋធានី អ៊ីស្លាម៉ាបាត។

នៅក្រោយ ការប៉ះទង្គិច ដ៏ហិង្សា ដែល បាន សម្លាប់ មនុស្ស យ៉ាងតិច ៦នាក់ ប៉ូលិស ប៉ាគីស្ថាន បាន ដកថយ មកវិញ។ ក្រុមបាតុករ ដែល បាន ដុត យានយន្ត របស់ ប៉ូលិស នៅ បន្ត កាន់កាប់ កន្លែង ធ្វើ បាតុកម្ម ដែល បាន បិទផ្លូវ ច្រកចេញ ចូល ដ៏ សំខាន់ មួយ របស់ រដ្ឋធានី អ៊ីស្លាម៉ាបាត។ នៅ ថ្ងៃ សៅរ៍ រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ប៉ាគីស្ថាន នៅ លើ កញ្ចក់ ទូរទស្សន៍ រដ្ឋ បាន អំពាវនាវ ឲ្យ ទាហាន ចេញមុខ អន្តរាគម ជួយ ប៉ូលិស ប៉ាគីស្ថាន ដើម្បី បំបែក ក្រុមបាតុករ។

នៅថ្ងៃ ម្សិលមិញ ប៉ូលិស និង កង រក្សាសន្តិសុខ របស់ រដ្ឋាភិបាល ដែល ត្រូវ បញ្ជូន ឲ្យ ទៅគាស់រំលើង កន្លែង កាន់កាប់ របស់ បាតុករ មាន គ្នីគ្នា ដល់ ៨៥០០ នាក់ ប៉ុន្តែ នៅ តែ មិនអាច បំបែក ក្រុមបាតុករ ដែល មាន ចំនួនតែ ជាង ២ពាន់នាក់ បាន។ ប៉ូលិស ដែល មាន ចំនួន ច្រើន ជាង បាតុករ ដល់ទៅ ៤ ដង បែរ ជាដកថយ ទៅវិញ។

តាម លោក រដ្ឋមន្រ្តី Ahsan Iqbal ក្រុម បាតុករ ក្បាលរឹង មាន ការប្តេជ្ញាចិត្ត ខ្ពស់ និង មាន យុទ្ធសាស្រ្ត ដើម្បី វាយបក វិញ លើ អាជ្ញាធរ។ ក្រៅតែ ពីក្រុង អ៊ីស្លាម៉ាបាត បាតុកម្ម គាំទ្រ ចលនា Tehreek-i-Laback Yah Rassool Allah Pakistan ត្រូវ បាន រៀបចំ ផងដែរ នៅ ទីក្រុង ធំៗ ពីរទៀត របស់ ប៉ាគីស្ថាន ដូចជា នៅ ឡាហរ និង ការ៉ាឈី ជាដើម។

កងទ័ព នៅស្ងៀម មិន អន្តរាគម ទៅតាម ការអំពាវនាវ របស់ រដ្ឋាភិបាល
នៅ ថ្ងៃ សៅរ៍ ម្សិលមិញ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប៉ាគីស្ថាន បាន អំពាវនាវ ឲ្យ កងទ័ព ធ្វើ អន្តរាគម ដើម្បី ធានា សណ្តាប់ធ្នាប់ សង្គម ប៉ុន្តែ រហូត មក ដល់ ព្រឹកថ្ងៃ អាទិត្យ នេះ គេនៅ មិនទាន់ ឃើញ មាន វត្តមាន របស់ ទាហាន ប៉ាគីស្ថាន នៅ កន្លែង បាតុកម្ម ទៅតាម ការប្រកាស របស់ រដ្ឋាភិបាល នោះ ទេ។ បាតុកម្ម ដ៏ តូច និង សាមញ្ញ មួយ នេះ កំពុង ឆ្លុះបញ្ចាំង ពី វិបត្តិ នយោបាយ ដែល គេ មិនអាច មើលរំលង បាន នៅ ប៉ាគីស្ថាន។

នៅ ប៉ាគីស្ថាន កងទ័ព មិន ស្ថិតនៅ ក្រោម អំណាច បញ្ជា ផ្តាច់មុខ របស់ រដ្ឋាភិបាល នោះទេ។ ការស្ងប់ស្ងៀម មិន ប្រតិកម្ម អ្វី របស់ កងទ័ព ទៅនឹង ការទាមទារ របស់ រដ្ឋាភិបាល លើកនេះ ធ្វើ ឲ្យ គេ បារម្ភ ពី អនាគត នយោបាយ នៅ ប៉ាគីស្ថាន ជាពិសេស នៅក្នុង កាលៈទេសៈ ដែល រដ្ឋាភិបាល ស៊ីវិល ប៉ាគីស្ថាន កំពុង ផុយស្រួយ ដោយសារ តែ ការបោះឆ្នោត ទម្លាក់ នាយករដ្ឋមន្រ្តី ក្នុង រឿងអាស្រូវ ប្រព្រឹត្ត អំពើពុករលួយ។ មួយ វិញ ទៀត កងទ័ព ហើយ និង រដ្ឋាភិបាល ស៊ីវិល មិន សូវ ជា មាន ទំនាក់ទំនង ល្អូកល្អឺន នឹង គ្នា ប៉ុន្មានទេ។ តាំង ពី ៧០ ឆ្នាំ នៃ ប្រវត្តិ កកើត ទឹកដី ប៉ាគីស្ថាន ត្រូវ បាន គ្រប់គ្រង ដោយ ក្រុមយោធា ដល់ ទៅ ជាង ៣០ឆ្នាំ។

យោធា ប៉ាគីស្ថាន ដែល ចាក់ឬស ខ្លាំង នៅ ប៉ាគីស្ថាន មាន អំណាច និង ឥទ្ធិពល ខ្លាំង ទៅលើ ក្រុម ដឹកនាំ សាសនា អ៊ីស្លាម។ គេជឿថា បើសិន យោធា ធ្វើ អន្តរាគម នោះ បញ្ហា បង្ក ដោយ ក្រុមបាតុករ លើកនេះ នឹង ត្រូវ បិទបញ្ចប់ យ៉ាង លឿនបំផុត។ ប៉ុន្តែ បញ្ហា នៅ ត្រង់ ថា នៅ ពេល នេះ កងទ័ព មិន ចេញ ស្តីអ្វី ឬ ធ្វើតាម ការទាមទារ របស់ រដ្ឋាភិបាល ស៊ីវិល ដើម្បី អន្តរាគម បំបែក ក្រុមបាតុករ នៅ ថ្ងៃ អាទិត្យ នេះ ទេ។ តើ អ្វី ជា ហេតុផល ពិតប្រាកដ នៅ ពីក្រោយ ភាពស្ងប់ស្ងៀម របស់ ទាហាន លើកនេះ?

នៅ ថ្ងៃ សៅរ៍ ម្សិលមិញ ប្រមុខ កងទ័ព ប៉ាគីស្ថាន បាន ទូរស័ព្ទ ទៅ នាយករដ្ឋមន្រ្តី ស្តីទី ប៉ាគីស្ថាន ដើម្បី ដោះស្រាយ បញ្ហា ដោយ សន្តិវិធី។ តាម អ្នកនាំពាក្យ របស់ កងទ័ព ប៉ាគីស្ថាន អំពើហិង្សា មិនមែន ជា ផលប្រយោជន៍ រួម របស់ ជាតិ នោះទេ។ អវត្តមាន របស់ កងទ័ព ដើម្បី បង្រ្កាប ក្រុមបាតុករ ទៅតាម ការទាមទារ របស់ រដ្ឋាភិបាល បាន បង្ក ឲ្យ មាន ការច្របូកច្របល់ ខ្លាំង នៅក្នុង ចំណោម មតិសាធារណៈ នៅ ប៉ាគីស្ថាន។

ជេរប្រមាថ សាសនា អ៊ីស្លាម ជា ដើមចម នៃ បាតុកម្ម បិទខ្ទប់ផ្លូវ នៅ អ៊ីស្លាម៉ាបាត
តាំង តែ ពី ៣ សប្តាហ៍ មក ហើយ សមាជិក នៃ ចលនា អ៊ីស្លាម Tehreek-i-Laback Yah Rassool Allah Pakistan បាន ប្រមូល ផ្តុំគ្នា បិទ ខ្ទប់ ផ្លូវ ដែល ជា ច្រកចូល ដ៏ សំខាន់ របស់ រដ្ឋធានី អ៊ីស្លាម៉ាបាដ។ គោលដៅ សំខាន់ របស់ ពួកគេ គឺ ទាមទារ ឲ្យ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ចុះ ចេញ ពី តំណែង។ ចុះចេញ ពី តំណែង ព្រោះថា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បាន ធ្វើ វិសោធនកម្ម ច្បាប់ បោះឆ្នោត ជាពិសេស នៅក្នុង មាត្រា ដែល និយាយ ពី ការស្បថស្បែ របស់ បេក្ខជន ឈរឈ្មោះ បោះឆ្នោត។ ដោយសារ តែ មាន ការតវ៉ា ខ្លាំង រដ្ឋាភិបាល បាន ផ្លាស់ប្តូរ ជំហរ និង បាន លុបចោល ទៅ វិញ វិសោធនកម្ម ច្បាប់ ខាងលើ ប៉ុន្តែ ក្រុមអ៊ីស្លាម មួយចំនួន នៅ តែ មិន អស់ចិត្ត និង នៅ តែ បន្ត ធ្វើ បាតុកម្ម បិទផ្លូវ ទាមទារ រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ ចុះចេញ ពី តំណែង ក្នុង បទ ចោទប្រកាន់ ថា រដ្ឋមន្រ្តី រូបនេះ បាន ជេរប្រមាថ សាសនាអ៊ីស្លាម ធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស របស់ ព្យាការី មហាមេដ។ ការជេរប្រមាថ សាសនា អ៊ីស្លាម គឺ ជារឿង ដ៏ រសើប នៅ ប៉ាគីស្ថាន ដែល ជា ប្រទេស អ៊ីស្លាម អភិរក្ស និយម។

រដ្ឋាភិបាល ជាអ្នកទទួល ខុសត្រូវ ជំរុញ ឲ្យ ស្ថានភាព ធ្លាក់ ចុះ អាក្រក់ រហូត ដល់ ថ្ងៃ សៅរ៍ម្សិលមិញ។ តាំងពី ដំបូងទី ម្ល៉េះ គេឃើញថា រដ្ឋាភិបាល ប៉ាគីស្ថាន គ្មាន ចេតនា ចង់ ដោះស្រាយ បិទ បញ្ហា នេះទេ។ ក្រុមបាតុករ បានកាន់កាប់ បិទផ្លូវ ធ្វើ ឲ្យ មាន ការជាប់ គាំងស្ទះ ចរាចរណ៍ ផ្លូវចេញចេញ ក្រុង អ៊ីស្លាម៉ាបាត តាំង ជាង ២ សប្តាហ៍ មកហើយ ប៉ុន្តែ រដ្ឋាភិបាល ទើប តែ បញ្ជូន ប៉ូលិស ទៅបំបែក ក្រុមបាតុករ នៅថ្ងៃសៅរ៍។ គេ ជឿថា រដ្ឋាភិបាល ប៉ាគីស្ថាន មិន ចង់ ប្រើ អំពើហិង្សា ទៅលើ បាតុករ អ៊ីស្លាម ក៏ដោយសារ តែ ខ្លាច បាត់បង់ ប្រជាប្រិយភាព ព្រោះថា ការបោះឆ្នោត ជាតិ កាន់តែ ខិតចូល មកដល់ នៅ ឆ្នាំ ២០១៨។ មួយវិញទៀត រដ្ឋាភិបាល បារម្ភថា បើ គេ បង្រ្កាប ក្រុមបាតុករ ដែល តវ៉ា ដើម្បី បុព្វេហតុ ការពារ សាសនា អ៊ីស្លាម នោះ គឺ ប្រៀប បាន នឹង ដុតកំហឹង កាន់ តែខ្លាំង ក្នុង ចំណោម អ្នកកាន់ សាសនា អ៊ីស្លាម ផ្សេងទៀត រហូត អាច បណ្តាល ឲ្យ ផ្ទុះ មាន នូវ មហាបាតុកម្ម ប្រឆាំង នៅ ទូទាំង ប្រទេស ប៉ាគីស្ថាន ដែល ជា ប្រទេស អ៊ីស្លាម អភិរក្សនិយម។

នៅឆ្នាំ ២០០៧ ប៉ាគីស្ថាន ធ្លាប់ បាន ស្គាល់ រសជាតិ នេះ ម្តងហើយ។ កាលណោះ ប្រឈមមុខ ដាក់គ្នា រវាង ប៉ូលិស និង អ្នកកាន់ សាសនា អ៊ីស្លាម ជ្រុលនិយម បាន សម្លាប់ មនុស្ស រាប់រយ នាក់។ គឺ អាច ក្នុង ហេតុផល នេះ ដែល ប៉ូលិស ទោះ ជាមាន ចំនួន ច្រើន ជាង បាតុករ ដល់ ទៅ ៤ ដង ប៉ុន្តែ សុខចិត្ត ដកខ្លួន ចុះចាញ់ មិន សូវ ហ៊ាន ប្រើអំពើហិង្សា ទៅលើ បាតុករ ដែល មាន គ្នីគ្នា មិនដល់ ២ពាន់ នាក់ផង។

ក្រុម សាសនា អ៊ីស្លាម ដែលរៀបចំ បាតុកម្ម ពីរ សប្តាហ៍ មកហើយ គឺ ជា កុ្រម តូច មួយ ដែល មិនសូវ ល្បី ឈ្មោះ ប៉ុន្មានទេ នៅ ប៉ាគីស្ថាន។ ប៉ុន្តែ រដ្ឋាភិបាល ស៊ីវិល ប៉ាគីស្ថាន បាន បណ្តែត បណោ្តយ ឲ្យ ក្រុមនេះ ធ្វើ បាតុកម្ម បិទខ្ទប់ផ្លូវ បង្ក និទណ្ឌភាព និង ភាពអាងយ៉ាង របស់ ក្រុមកាន់ សាសនា អ៊ីស្លាម ជ្រុលនិយម។ ចលនា អ៊ីស្លាម ដែល ធ្វើ បាតុកម្ម លើកនេះ តូចមែន ប៉ុន្តែ វា អាច ជា អំបែងភ្លើង ដែល ចូលរួម ចំណែក ដុត បំផ្លាញ រដ្ឋាភិបាល ស៊ីវិល និង បើកផ្លូវ ឲ្យ យោធា លូកដៃ អន្តរាគម រហូត ត្រលប់ មក ដឹកនាំ ប្រទេស សាជាថ្មី។ យោធា ប៉ាគីស្ថាន ដែល មាន ការគាំទ្រ ពី ក្រុម អ៊ីស្លាម និយមជ្រុល នឹង អាច ទទួល បាន ការស្វាគម ជាង រដ្ឋាភិបាល ស៊ីវិល នៅ ប៉ាគីស្ថាន ដែល ជា ប្រទេស ប្រកាន់ តឹងរ៉ឹង សាសនា អ៊ីស្លាម៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ