លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ចោរឆក់ដោយខ្លួនឯងផ្ទាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ចោរឆក់ដោយខ្លួនឯងផ្ទាល់

27/11/2017
កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្លើងស្តុប ក្បែរវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលោតចេញពីលើឡាន រត់ដេញចាប់បុរសពីរនាក់ រហូតធ្វើឲ្យលោកដួលរបួសកែងដៃ ម្រាមដៃ និងក្បាលជង្គង់ ខណៈពេលដែលពួកគេទាំងពីនាក់នោះ បានជិះម៉ូតូឆក់ទូរស័ព្ទដៃពីអ្នកដំណើរថ្មើជើងម្នាក់។ តែជាលទ្ធផលចាប់បានម្នាក់ និងម្នាក់ទៀតបើកម៉ូតូ រត់ចោលគ្នាបាត់។ បន្ទាប់មកកម្លាំងអាវុធហត្ថ ខណ្ឌទួលគោក បានទៅដល់កន្លែងកើតហេតុនាំខ្លួន បុរស់ម្នាក់ដែលលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង ចាប់បាន យកមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញ បន្តការស្រាវជ្រាវតាមប្រម៉ាញ់ បក្ខពួក ក្រុមចោរឆក់នេះជាបន្តបន្ទាប់ទាំងយប់ រហូតដល់កំណត់មុខសញ្ញាបាន នៅវេលាម៉ោងប្រហែលជិត០២យប់ថ្ងៃដដែល ហើយ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះ បង្ក្រាបបក្ខពួកចោរទាំងនេះ ទាំងយប់ អាធ្រាត  តែដោយស្ថានភាពភូមិសាស្ត្រ មិនអំណោយផល ធ្វើឲ្យក្រុមចោរឆក់ ទាំងនោះ ដឹងខ្លួនរត់ប្រាស់អាយុ ចោលម៉ូតូ ០២គ្រឿងនៅនឹងកន្លែង ។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ដ៏សកម្មខាងលើ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។
ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ម៉ី ពន្លឺ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាបក្ខពួកក្រុមចោរឆក់មួយក្រុម ដែលមានឈ្មោះ សាល ឈ្មោះ មករា និងឈ្មោះ ធា តែកន្លងមកឈ្មោះសាល និងឈ្មោះ មករា ត្រូវសមត្ថកិច្ចបង្ក្រាបបាន បញ្ជូនទៅតុលាការ ផ្តន្ទាទោស កំពុងជាប់ក្នុងពន្ធនាគារ។ រីឯ ឈ្មោះ ម៉ី ពន្លឺ និងឈ្មោះ ធា នេះ ធ្លាប់បានគេចរួចពីការតាមចាប់របស់ សមត្ថកិច្ច ហើយបន្តមុខរបរដើរឆក់ជាហូរហែររាប់សិបដង បន្តទៀត រហូតអស់លក្ខណ៍ត្រូវលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង ចាប់បានឈ្មោះ ម៉ី ពន្លឺ ដោយផ្ទាល់ នៅវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង។

កន្លងមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងណែនាំ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវតួនាទីភារកិច្ច របស់ខ្លួនគ្រប់ពេលវេលា ទោះបីមិនឋិតក្នុងម៉ោងការងារក៏ដោយ ពេលទៅណា មកណា ត្រូវយកចិត្តទុកដាក់ ក្តាប់រាល់សភាពការណ៍និងព័ត៌មាន រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងជួយអន្តរាគមន៍ សង្គ្រោះពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេស ភ្នែកត្រូវរំពៃ សំគាល់មើលមុខសញ្ញាជនល្មើស នៅគ្រប់ទីកន្លែងដែលខ្លួនឆ្លងកាត់ ។ ជាក់ស្តែង មុខសញ្ញាចោរឆក់ ដែលលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់បានដោយផ្ទាល់នេះ គឺកើតឡើងនៅក្នុងអំឡុងពេល ក្រៅម៉ោងការងារ ដែលលោកកំពុងធ្វើ ដំណើរតាមផ្លូវទៅគេហដ្ឋាន បន្ទាប់ពីទទួលទានអាហារ នៅភោជនីយដ្ឋានជាមួយ សាច់ញាតិរួច។
ក្រៅពីបង្ក្រាបករណីចោរឆក់ដ៏សកម្មក្នុងរាជធានីភ្នំពេញមួយនេះ កន្លងមកអាវុធហត្ថរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ ដុតដៃដុតជើង យ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយកម្លាំងតាមដាន ពួនស្ទាក់ និងប្រដេញតាមបង្ក្រាប ក្រុមចោរ ឆក់ផ្សេងទៀតទាំងយប់ទាំងថ្ងៃ   រហូតបង្ក្រាបបានជាច្រើនករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាច្រើននាក់រួចមកហើយ។   ទន្ទឹមជាមួយគ្នានេះ សមត្ថកិច្ចក៏បានប្រថុយប្រថានអាយុជីវិត ប្រឈមជាមួយ គ្រោះថ្នាក់ ក្នុងការប្រដេញតាមចាប់ ក្រុមចោរឆក់ ទាំងនេះដោយមិនរុញរាផងដែរ។ ជាក់ស្តែងថ្មីៗនេះ សមត្ថកិច្ចអាវុធហត្ថរាជធានី ភ្នំពេញម្នាក់ គឺលោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ទើបតែជួបគ្រោះថ្នាក់ ដួលម៉ូតូប្រេះឆ្អឹងក្បាលជង្គង់ម្ខាង របួសធ្ងន់ធ្ងរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស ព្រោះតែប្រដេញតាមបង្ក្រាប ក្រុមចោរឆក់ដ៏សកម្មមួយក្រុម ដែលធ្លាប់ជាប់គុក រហូតដល់ទៅ៣ដង ហើយលើកនេះ គឺលោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នកជួបគ្រោះថ្នាក់ដួលរបួសដៃជើងម្តង ព្រោះតែប្រដេញតាម ចាប់ក្រុមចោរឆក់ មួយក្រុម ផ្សេងទៀតនេះ៕អត្ថបទ​ ទេព​ វណ្ណះ