រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់ ដែលបានដើរធ្វើការបំផុសបំផុល និងចលនាបង្កើតជាសម្ព័ន្ធស្ត្រី ក្នុងគោលបំណងឲ្យមានការប្រមូលផ្ដុំ ដើម្បីធ្វើសកម្មភាពនានាបម្រើឲ្យអតីតគណបក្សសង្គ្រោះជាតិ ឈានទៅរកការប្រឆាំង និងការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សមួយនេះចោលនោះ ត្រូវបានកម្លាំងនគរបាលដឹងជាមុន និងបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពនៅក្នុងសង្កាត់មួយចំនួនរបស់ខណ្ឌពោធិ៍សែនជ័យ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ចំនួន៣របស់ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះមានសង្កាត់កំបូល សង្កាត់ចោមចៅ និងបឹងធំ។
នគរបាលបានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួននោះ ជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះមាន១-ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ជាអតីតក្រុមប្រឹក្សាសង្កាត់កំបូល ២- ឈ្មោះ ប្រាក់ សីហា ភេទប្រុស អតីតក្រុមប្រឹក្សាសង្កាត់កំបូល ៣-ឈ្មោះ នៅ បឿន អតីតក្រុមប្រឹក្សាសង្កាត់ចោមចៅ និង៤-ឈ្មោះ លីវ វ៉ន ភេទប្រុស អតីតក្រុមប្រឹក្សាសង្កាត់បឹងធំ។ ក្នុងការឃាត់ខ្លួននេះកម្លាំងនគរបាលដកហូតបានសម្ភារៈ បម្រើឲ្យការធ្វើសកម្មភាពមួយចំនួនមានដូចជា វិទ្យុទាក់ទង, បដាស្លាកយីហោគណបក្សសង្គ្រោះជាតិ រួមជាមួយប័ណ្ណគណបក្ស, ឧបករណ៍បំពងសម្លេង ព្រមទាំងសម្ភារៈជាច្រើនទៀតផងដែរ។
ប្រភពដដែលបានបន្តទៀតថា ជនទាំង៤នាក់ខាងលើបានបង្កើតរចនាសម្ព័ន្ធស្ត្រីដោយខុសច្បាប់ និងគ្មានការអនុញ្ញាត ហើយនៅព្រឹកកើតហេតុបានចេញធ្វើសកម្មភាពបំផុសបំផុលឲ្យបណ្ដាស្ត្រី និងអ្នកស្រឡាញ់គាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមធ្វើសកម្មភាព ដើម្បីបម្រើឲ្យនយោបាយគណបក្សដែលទើបរលាយមួយនេះ។ ក្នុងទិសដៅធំមួយទៀត គឺអាចឈានទៅរក ការប្រមូលផ្ដុំគ្នានៅពេលណាមួយ ដើម្បីប្រឆាំងនឹងតុលាការកំពូលដែលរំលាយគណបក្សសង្គ្រោះជាតិចោល ៕

ទំព័រដើម ›