Tottenham បានផ្ដួល Borussia Dortmund ក្រៅទឹកដី ២ទល់នឹង១ដើម្បីបន្តឈរលេខមួយពូល H ខណៈការប្រកួតសល់តែមួយទៀតប៉ុណ្ណោះនឹងចប់សព្វគ្រប់ហើយ។
៥ប្រកួតកន្លងមកក្រុមរងជើងឯកលីគមកពីអង់គ្លេសបានផ្ដួលជើងខ្លាំង Real Madrid នៅទឹកដីខ្លួនឯង និងស្មើក្រៅដី រួចបន្តផ្ដួលApoel Nicosia និងយកឈ្នះ Dortmund ទាំងពីរជើងដើម្បីឡើងកំពូលតារាងពូល H ដែលត្រូវគេចាត់ទុកថាជាពូលមរណៈនៅអំឡុងពេលចាប់ឆ្នោតកាលពីដើមរដូវកាល។
Spurs បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេចជាមួយ Real Madrid ស្របពេល Dortmund ធ្លាក់ទី Europa League ហើយ Apoel ហាលអាវត្រឹមនេះ។
ឆ្លងកាត់លទ្ធផលដ៏ល្អ Harry Kane ជាកម្លាំងសំខាន់ជួយក្រុមមកពីភាគខាងជើងទីក្រុងឡុង ធ្វើព្យុះភ្លៀងនៅ Champions league បាននិយាយសរសើរថា៖ "ពូលH ដែលយើងប្រកួតប្រជែង មានមនុស្សជាច្រើនគិតថា Spurs មិនអាចទៅរួច ដូច្នេះពួកយើងបានធ្វើឲ្យអ្នកទាំងនោះស្មានខុស។ យ៉ាងណាយើងសង្ឃឹមថា Spurs នឹង ធ្វើល្អដូច្នេះរហូតដល់ទីបញ្ចប់"៕
