ក្រុម Barcelona និង Chelsea បានឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ប៉ុន្តែ ក្រុមបិសាចក្រហម Manchester United របស់លោក Jose Mourinho ត្រូវតែរង់ចាំសិន ដើម្បីកក់កៅអីរបស់ពួកគេនៅវគ្គបន្ត ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Basel។
លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានដាក់តារាឆ្នើមអន្តរជាតិអាហ្សង់ទីន Lionel Messi ឲ្យលេងជាកីឡាករបម្រុងនៅទីក្រុង Turin មុននឹងប្រើប្រាស់រូបគេក្នុងតង់ទី ២ ក្នុងពេលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Juventus ដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល D។
Willian បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ និងបានបង្កើតឲ្យមានបាល់ប៉េណាល់ទី ២ គ្រាប់ ខណៈដែលក្រុម Chelsea បានផ្តួលក្រុមដែលនៅសល់សមាជិកតែ ១០ នាក់ Qarabag ៤-០ ក្នុងទីក្រុង Baku ដើម្បីធ្វើឲ្យក្រុមរបស់លោក Antonio Conte មានសុវត្ថិភាពក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ២ នៃពូល C។
Eden Hazard ដែលរកបាន១គ្រាប់ពីបាល់ប៉េណាល់ទីនោះ បានឲ្យដឹងថា៖ «យើងធ្វើបានយ៉ាងល្អ។ យើងគួរតែអាចរកបានគ្រាប់បាល់ច្រើនជាងនេះ។ វាពិតជាងាយស្រួលណាស់ក្នុងការលេងជាមួយនឹងកីឡាករឆ្នើមៗទាំងនេះ»។
ក្រុម Atletico Madrid ដែលជាម្ចាស់ជើងឯករងពីរសម័យកាលក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនោះ នៅតែរក្សាឱកាសក្នុងការឈានឈរពីលើក្រុម Roma ដើម្បីទៅវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលខ្សែប្រយុទ្ធ Antoine Griezmann បានបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីសោះត្រឹម៨ប្រកួត ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ២-០ នៅប្រទេសអេស្ប៉ាញ៕ IS
