
ស្ត្រីវិកលចរិតម្នាក់បានកាប់ប្ដីស្លាប់ពេលកំពុងដេកលក់
បញ្ចូលដោយ៖ Bunlors - 06/11/2017ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលគេអះអាងថា កើតរោគសរសៃប្រសាទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រើពូថៅកាប់សម្លាប់ប្ដីយ៉ាងឃោរឃៅដែលកំពុងដេកនៅលើផ្ទះ កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី០៥ វិច្ឆិកា នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ហើយដើរទៅប្រាប់អ្នកភូមិឲ្យជួយយកសពប្ដីខ្លួនទៅកប់។ មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ គុន សុធា អាយុ៤៩ឆ្នាំ រីឯប្រពន្ធដែលជាជនដៃដល់ឈ្មោះ ឱ ឆវ័ន្ត អាយុ៤៨ឆ្នាំ មានកូនប្រុស ស្រី៣នាក់ក្នុងបន្ទុក ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា បុរសជាប្ដីត្រូវប្រពន្ធទាញពូថៅកាប់ត្រូវជាច្រើនកន្លែង នៅលើផ្ទៃមុខ ក្បាល និងក ស្ទើរដាច់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅលើផ្ទះ។ ស្ត្រីរូបនេះអាចជាមនុស្សកើតរោគសរសៃប្រសាទ ដែលតែបង្កបញ្ហាញឹកញាប់ជាមួយប្ដី និងកូនៗរបស់ខ្លួន តែគេមិនឃើញមានលិខិតបញ្ជាក់ពីអាការៈរោគរបស់ស្ត្រីរូនេះទេ។ បើតាមអ្នកភូមិបាននិយាយថា ស្ត្រីរូបនេះកើតរោគសរសៃប្រសាទច្រើនឆ្នាំហើយ។ កន្លងមកក៏ធ្លាប់ដេញកាប់ប្ដី និងកូនៗដែរ តែពួកគេចេះតែរត់គេចរួចខ្លួន ហើយពេលខ្លះកូនៗក៏មិនសូវនៅផ្ទះដែរ ព្រោះខ្លាចម្ដាយរបស់ខ្លួនវាយដំ។ សាក្សីបានបន្តថា នៅព្រឹកថ្ងៃកើតហេតុគេមិនបានដឹងថា ស្ត្រីឈ្មោះ ឆវ័ន្ត នេះសម្លាប់ប្ដីទេ តែគេរាល់គ្នាបានដឹងនៅពេលស្ត្រីរូបនេះដើរទៅប្រាប់អ្នកភូមិឲ្យជួយយកសពប្ដីខ្លួនទៅកប់។ អ្នកភូមិបានបញ្ជាក់ថា ដំបូងគេមិនទាន់ជឿទេ តែពេលគេទៅមើលដល់ផ្ទះស្រាប់តែឃើញបុរសជាប្ដីដេកស្លាប់ក្នុងថ្លុកឈាមមែន ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដងទៅ តែស្ត្រីរូបនេះមិនបានរត់ទៅណាទេ។
លោក ហែម សារ៉ុម នាយនគរបាលប៉ុស្ដិ៍ឃុំតាសាញ បានថ្លែងប្រាប់តាមទូរស័ព្ទថា បើតាមការពិនិត្យកន្លែងកើតហេតុ គឺស្ត្រីដៃដល់បានទាញពូថៅកាប់ប្ដី ពេលគាត់កំពុងដេកលក់។ លោកបានបន្តថា មុនពេលកើតហេតុទំនងជនរងគ្រោះដេកមើលសៀវភៅធម៌ ហើយក៏ដេកលក់ទៅ ទើបប្រពន្ធកាប់រហូតដល់ស្លាប់បែបនេះ។ លោកនាយប៉ុស្ដិ៍រូបនេះ បាននិយាយពីប្រវត្តិខ្លះៗរបស់គ្រួសារនេះថា ស្ត្រីជាប្រពន្ធពិតជាកើតរោគសរសៃប្រសាទមែន បើទោះជារកមិនឃើញលិខិតបញ្ជាក់ពីគ្រួពេទ្យក្ដី។ លោកថា ស្ត្រីរូបនេះតែងរករឿង និងធ្លាប់ដេញកាប់ប្ដី និងកូនៗជាបន្តបន្ទាប់ដោយគ្មានមូលហេតុទេ តែប្ដីឬកូនរត់គេចរួចខ្លួន។ ពេលខ្លះស្ត្រីរូបនេះលីកាំបិតទៅដេញកាប់អ្នកលក់ដូរផ្អើលពេញផ្សារស្រុកសំឡូត ដោយគ្មានមូលហេតុ។
លោក ហែម សារ៉ុម បានបញ្ជាក់ថា កន្លងមកជនរងគ្រោះមិនសូវធ្វេសប្រហែសទេ ព្រោះខ្លាចប្រពន្ធកាប់ រីឯកូនៗក៏មិនសូវហ៊ាននៅផ្ទះដែរ ដោយសារខ្លាចម្ដាយ។ លោកបានបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីរូបនេះហាក់មានចរិតកាចសាហាវណាស់។ ក្រោយពីសម្លាប់ប្ដីស្ត្រីរូបនេះមិនបានរត់ទៅណាទេ បែរជាឈរសើចពេលឃើញគេចោមរោមមើលសពប្ដីរបស់ខ្លួន។ លោកថា ក្រោយពីឃាត់ខ្លួននាំដល់អធិការដ្ឋាននគរបាល ដើម្បីសួរនាំ មន្ត្រីជំនាញមិនទាន់មានចម្លើយជាក់លាក់ពីស្ត្រីវិកលចរិកនេះនៅក្នុងកំណត់ហេតុនៅឡើយទេ៕