
អភូតហេតុចម្លែកពុំគួរឲ្យជឿ! អណ្តើកអាយុជាង១០០ឆ្នាំពន្យល់សុបិន្ត
បញ្ចូលដោយ៖ Bunlors - 06/11/2017ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានអភូតហេតុដ៏ចម្លែកមួយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានកើតឡើងនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បើតាមលោក គូ គត់ អាយុជាង៥៥ឆ្នាំ រស់នៅក្នុងភូមិកំពង់ក្របៅ មុខរបរគ្រូបង្រៀន (ឥឡូវលោកសមាទានសីល)ហើយ បានឲ្យដឹងថា ប្រហែលជាមួយអាទិត្យមុនលោកបានយល់សុបិន្តឃើញបុរសចំណាស់ម្នាក់ មាឌខ្មៅ មកសុំនៅជាមួយ តែគាត់ប្រាប់ថា «មកសុំនៅជាមួយយ៉ាងម៉េច? ឯងនៅឯណា? មកពីណាដែរ? ឈ្មោះអី?» ពេលនោះបុរសក្នុងសុបិន្តប្រាប់ថា «គេឈ្មោះមហាសម្បត្តិ រស់នៅក្នុងបឹងភេ និងវាលនេះអស់រយៈកាលជាង១០០ឆ្នាំមកហើយ! ឲ្យសុំនៅជាមួយផង គេមិនអាចរស់នៅក្នុងបឹងនេះទៀតទេ បើនៅតទៀតច្បាស់ជាស្លាប់ ហើយគេចមិនផុតពីគេចាប់ស៊ីទេ ចាំទទួលផងលោក បើកទ្វារផ្ទះខាងក្រោយទៅឃើញខ្ញុំហើយ!» ។ ការយល់សប្តិនេះធ្វើឲ្យលោកភ្ញាក់ខ្លួនពីដំណេកទាំងកណ្តាលយប់ ក៏ងើបទៅបើកទ្វារក្រោយផ្ទះរកមើល តើដូចជាការយល់សុបិន្តទេ? ស្រាប់តែឃើញសត្វអណ្តើកដ៏ធំមួយក្បាលកំពុងតែអើត.កនៅមាត់ទ្វារ។ លោកក៏ចាប់លើកយកមកដាក់ក្នុងរបងផ្ទះបិទជិត ហើយដាក់ត្រកួន និងឲ្យប្រពន្ធទិញត្រីចង្វាមកវះអាចម៍ចេញដាក់ឲ្យស៊ី លុះយប់ឡើងក៏យល់សុបិន្តឃើញគេប្រាប់ថា «ម្ហូបដែលឲ្យគេស៊ីនឹងឆ្ងាញ់ណាស់»។
លោកគ្រូបន្តទៀតថា រហូតមកដល់យប់ថ្ងៃទី០៣ វិច្ឆិកា សត្វអណ្តើកនេះបានពន្យល់សុបិន្តប្រាប់ទៀតថា «សូមលោកចាំទទួលយកប្រពន្ធរបស់គេឲ្យមកនៅជាមួយផង ប្រហែលជាម៉ោង០៩ព្រឹកស្អែកនេះគាត់មកដល់ហើយ» ។ លុះដល់ព្រឹកថ្ងៃទី០៤ ពេលក្រោកឡើងលោកបើករថយន្តចេញពីផ្ទះទៅញ៉ាំអាហារព្រឹក ក៏នឹកឃើញការយល់សុបិន្តក៏ត្រឡប់មកដល់ផ្ទះ ហើយដើរទៅមើលខាងក្រោយពិតជាឃើញអណ្តើកញីមួយក្បាលទៀត ក៏ចាប់យកមកដាក់ជាមួយគ្នា ។ សត្វទាំង២នោះពេលជួបគ្នាបង្ហាញពីអាការៈដូចនឹកគ្នាខ្លាំណាស់អញ្ចឹង ពួកវាប្រឡែងគ្នា ត្រដុសគ្នាលេងយ៉ាងសប្បាយរីករាយ។ តាំងពីបានអណ្តើកឈ្មោលទី១ ទម្ងន់ប្រហែលជាង១០គីឡូក្រាម ព្រោះគាត់មិនបានថ្លឹងទេ ចំណែកអណ្តើកញីវិញគាត់បានថ្លឹងមើលទម្ងន់ជាង០៩គីឡូក្រាម។
គួររំលឹកថា បើតាមដំណើររឿងកាលពីដើមឡើយនៅក្នុងសង្កាត់កំពង់ក្របៅ មានបឹងធម្មជាតិមួយដ៏ធំមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយទឹកនៅក្នុងបឹងនេះមិនដែលរីងហួតអស់នោះទេនៅរដូវប្រាំង ថែមទាំងមានប្រជាពលរដ្ឋជាច្រើននាំគ្នានេសាទត្រីក្នុងបឹងនេះដើម្បីដោះស្រាយជីវភាពគ្រួសារ ។ បច្ចុប្បន្ននេះផ្ទៃបឹងទាំងមូលកាន់តែតូចទៅៗ ដោយសារការសាងសង់ផ្ទះ និងចាក់ដីចូលក្នុងបឹង តែផ្ទៃបឹងទាំងមូលដែលនៅសេសសល់ពីការំលោភបំពាននោះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់បឹងភេ ស្ថិតនៅខាងកើតថ្នល់ជាតិលេខ០៦ និងបឹងត្រាវ ស្ថិតនៅខាងលិចថ្នល់ជាតិ ឲ្យទៅក្រុមហ៊ុនធំៗចំនួន២ ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយក៏លេចឮដំណឹងនិយាយតៗគ្នាថា គេនឹងចាក់ដីលុបបឹងភេនៅរដូវប្រាំងឆាប់ៗខាងមុខនេះ ស្រាប់តែមានអភូតហេតុខាងលើនេះតែម្តង។