
តោះមកដឹងពីប្រវត្តិបុណ្យអ៊ុំទូកដែលមានតាំងពីបុរាណកាលមក
បញ្ចូលដោយ៖ Bunlors - 04/11/2017រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍អន្តរជាតិចូលរួមទស្សនា និងកំសាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលនឹងប្រារព្ធតាមបណ្តោយទន្លេសាប នៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះវេទិកាដោយឡែកសម្រាប់ភ្ញៀវបរទេសរបស់ក្រសួងទេសចរណ៍ទទួលបានភ្ញៀវអន្តរជាតិចូលទស្សនាការប្រណាំងទូកចំនួនប្រមានជាជាង៥០០នាក់ ។ ប្រវត្តិនៃពិធីបុណ្យអុំទូក ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីបរមបុរាណដែលបានចែងក្នុងឯកសាររបស់ប្រវត្តិវិទូកម្ពុជា និងបរទេស និងតាមសិលាចារឹកនៃប្រាសាទអង្គរ ។ បុណ្យអុំទូកត្រូវបានបកស្រាយប្លែកៗពីគ្នាហើយវិធីរៀបចំក៏ប្លែកៗពីគ្នាដែរ ។
បើតាមសៀវភៅជ័យវរ្ម័នទី៧ក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើម ក្នុងសម័យអង្គរនាចុងសតវត្សទី១២ ព្រះបាទជ័យវរ្ម័នទី៧បានដឹកនាំកងទ័ពទូកចេញធ្វើសឹកសង្គ្រាមបង្ក្រាបពួកចាម និងបានទទួលជោគជ័យទាំងស្រុង ។ រឿងចម្បាំង ត្រូវបានពិពណ៌នានៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ។ នៅលើចម្លាក់នោះ មានកងទ័ពទូកដែលមានព្រះឆាយាល័ក្ខណ៍នៃ ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើព្រះទីនាំង ដោយទ្រង់កាន់ធ្នូ និងដំបងយ៉ាងស្វាហាប់ ។ ចំពោះឯកសារអំពីការប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ១៩.០០៤ ដែលនិពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង នៅខេត្តឃ្លាំង កម្ពុជាក្រោមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជារបៀបបង្ហាត់ច្បាំងស្រេចលើមន្ត្រីបួនទិស «ចតុស្តម្ភ» ដែលស្ថិតក្រោមឱវាទរបស់ស្តេចកម្ពុជាក្រោម និងស្តេចត្រាញ់គ្រប់ស្រុក ។ នៅថ្ងៃពេញបូណ៌មី ខែកត្តិក ក្នុងរដូវអកអំបុក មន្ត្រីបួន ទិសត្រូវកេណ្ឌទាហានជើងទឹកនិងជើងគោក ដើម្បីធ្វើសមយុទ្ធ១ថ្ងៃនិង១យប់ ។ ព្រឹត្តិការណ៍នេះ បានក្លាយជាពិធីបុណ្យប្រពៃណីរៀងរាល់ឆ្នាំដែលបានផ្តល់ឱកាសដល់កងទ័ពជើងទឹកដើម្បីបង្ហាញភាពក្លាហានខាងចម្បាំង ។
បុណ្យនេះប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបមានឈ្មោះថា «សាំងហ្សង់» ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។ អ្នកខ្លះបានអះអាងថា ប្រវត្តិនៃពិធីបុណ្យ នេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ អ្នកខ្លះទៀតបានបកស្រាយថា ពិធីបុណ្យនេះបង្ហាញពីការដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ជីវភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋកម្ពុជា ។ ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនាស្របនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករកម្ពុជា ៕