ក្រុមហ៊ុនជប៉ុន Toshiba Corp បានចរចាជាមួយក្រុមហ៊ុនតៃវ៉ាន់ Asustek Computer Inc ដើម្បីលក់អាជីវកម្មកុំព្យូទ័ររបស់ខ្លួន ។ នេះបើយោងតាមកាសែតជប៉ុន Nikkei រាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រនេះ ។
ការលក់អាជីវកម្មកុំព្យូទ័រ PC នេះគឺជាផ្នែកនៃផែនការស្ដារមុខមាត់ឡើងវិញដ៏ធំមួយរបស់ Toshiba ខណៈខ្លួនបានព្យាយាមបំពេញរាល់ការខាតបង់លុយទ្រង់ទ្រាយធំក្នុងប្រតិបត្តិការអាជីវកម្មរោងចក្រនុយក្លេអ៊ែរនៅអាមេរិក ។ បច្ចុប្បន្ន Asus គឺជាក្រុមហ៊ុនតូចមួយប្រតិបត្តិការលក់ PC លើទីផ្សារដោយសង្ឃឹមថានឹងចាប់ដៃជាមួយ Toshiba ដែលមានទីផ្សាររឹងមាំក្នុងទឹកដីអាមេរិកនិងអឺរ៉ុបស្រាប់ដូច្នេះងាយស្រួលពង្រីកខ្លួន ។ ដោយឡែកក្រុមហ៊ុនចិន Lenovo Group ក៏បានចាប់ចិត្តជាមួយក្រុមហ៊ុនជប៉ុនដែរតែការពិភាក្សាដូចជាមិនអំណោយផលសោះ ។
ក្រុមហ៊ុន Toshibaបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកញ្ញាដើម្បីលក់អាជីវកម្មអង្គចងចាំម៉េម៉ូរីទៅឱ្យក្រុមហ៊ុនសម្ព័ន្ធជប៉ុន-អាមេរិក-កូរ៉េខាងត្បូង ហើយកាលពីថ្ងៃអង្គារថ្មីៗនេះ Toshibaបានប្រកាសលក់អាជីវកម្មទូរទស្សន៍ទៅឱ្យក្រុមហ៊ុនចិន Hisense Electric ។
គួររំឭកថា អាជីវកម្ម PC របស់ Toshiba បានធ្លាក់ចុះប្រមាណ ៥០០ លានយ៉េនលើការលក់តម្លៃ ១៩១,៨ លានយ៉េនក្នុងឆ្នាំនេះដែលបញ្ចប់ទៅកាលពីថ្ងៃទី៣១មិនា ។ ការខាតបង់ត្រូវគេរំពឹងថានឹងធ្លាក់ចុះរហូតដល់ ៥ ប៊ីលានយ៉េនសម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ព្រោះការលក់បន្តដាំក្បាលចុះ ។
ក្រុមហ៊ុន Toshiba បានលក់ PC ចំនួន ១,៨ លានគ្រឿងរៀងរាល់ឆ្នាំ ដោយមានចំណែកទីផ្សារជាសកលត្រឹមតែ ១% តែប៉ុណ្ណោះខណៈអតិថិជនបានប្ដូរទៅប្រើផលិតផលរបស់ក្រុមហ៊ុន HP និង Lenovo វិញម្តង ។ ទន្ទឹមគ្នានេះដែរដៃគូផលិតក្នុងស្រុកដូចជាក្រុមហ៊ុន NEC និង Fujitsu សុទ្ធតែបានលក់អាជីវកម្មរបស់ពួកគេទៅឱ្យ Lenovo ៕
ប្រភព៖ Asia.Nikkei
