ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីហ្វីលីពីនវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទៅដោយលទ្ធផលល្អ។
កិច្ចប្រជុំដ៏សំខាន់នោះបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុតដែលបានចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ាន ដើម្បីការការពារសិទ្ឋិពលករចំណាកស្រុកអាស៊ាន ឱ្យមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយក្នុងការស្វែងរកការងារធ្វើនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។
ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាឱ្យនៅពីក្រោយឡើយ។
ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានាដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព៕
