ក្នុងព្រឹត្តិការណ៍ Kunlun Fight 67 ស្ដេចប្រដាល់ថៃ Buakaw Banchamek បានផ្ដួលកីឡាករហូឡង់កម្ពស់ខ្ពស់ Marouan Toutouh ឲ្យសន្លប់បាត់ស្មារតីក្នុងទឹកទី២ នាខេត្ត Hainan ប្រទេសចិនកាលពីម្សិលមិញ។
កីឡាករទាំងពីរណាត់ជួបគ្នាវាយក្នុងប្រភេទទម្ងន់៧០គីឡូក្រាម និងវាយតែ៣ទឹកទេ។ បើនិយាយពីកម្ពស់ Buakaw ឈរត្រឹមក Marouan ប៉ុណ្ណោះ។ ត្បិតតែទាបជាងគេច្រើនក្ដី តែលើសង្វៀនកីឡាករថៃវ័យ៣៥ ប្រកួតដោយបច្ចេកទេសគ្មានបញ្ហាអ្វីឡើយ ពោលដើរចូលវាយរហូត។ ការប្រកួតមិនដល់ទឹកចុងក្រោយឡើយ ត្រឹមទឹកទី២នាទី១:៥៧ Buakaw បានវាយមួយដៃឆ្វេងចំកណ្ដាលមុខពេញធ្វើឲ្យ Marouan ផ្កាប់មុខសន្លប់ធំតែម្ដង។
នេះជាការត្រលប់មកសង្វៀនវិញលើកដំបូងរបស់ Buakaw បន្ទាប់ពីបានសាងផ្នួសជាព្រះសង្ឃកាលពីថ្ងៃទី ១៩ ខែ តុលាកន្លងទៅ ដើម្បី រំលឹកគុណដល់អតីតមហាក្សត្រថៃ Bhumibol Adulyadej ដែលបានសោយទិវង្គតកាលពីឆ្នាំមុន៕
ប្រភព៖ fightmag ប្រែសម្រួល៖ ឡៃហ៊ាង
