លោក រិច ធីឡឺសុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទៅដល់ក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ទី ៣០ កញ្ញា ដែលនៅទីនោះ លោកបានចូលជួប លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីនិយាយពីការរៀបចំដំណើរទស្សនកិច្ច របស់លោកដូណាល់ត្រាំ នៅទីក្រុងប៉េកាំង ក្នុងខែវិច្ឆិកាខាងមុខ។ សំណុំរឿងកូរ៉េខាងជើង ក៏ត្រូវបានគេលើកមកនិយាយ ក្នុងឱកាសនោះដែរ។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងថា អាមេរិក មានខ្សែបណ្តាញទាក់ទងជាមួយកូរ៉េខាងជើង បានដោយផ្ទាល់ ដើម្បីស្ទាបស្ទង់ពីបំណងរបស់កូរ៉េខាងជើង។នៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ទី ៣០កញ្ញា លោកRex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រកាសថា អាមេរិក មានខ្សែបណ្តាញដើម្បីទាក់ទងដោយផ្ទាល់ ជាមួយរបបកូរ៉េខាងជើង ចំនួន ២ ទៅ ៣ខ្សែបណ្តាញ។ លោក Tillerson បន្តថា៖ "យើងមិនមែនស្ថិតក្នុងភពខ្មៅងងឹត គ្មានទំនាក់ទំនងសោះ ជាមួយកូរ៉េខាងជើងនោះទេ។ គឺយើងមានខ្សែបណ្តាញរបស់យើង ដែលអាចឲ្យយើងនិយាយជាមួយកូរ៉េខាងជើងបាន ហើយយើងនឹងនិយាយ និងសាកសួរ ដើម្បីស្ទាបស្ទង់ ទឹកចិត្ត និងបំណងរបស់មេដឹកនាំកូរ៉េខាងជើង។ ដូច្នេះសូមទាំងអស់គ្នា មានការ ប្រុងប្រយ័ត្ន កុំអាលតក់ក្រហល់ អន្ទះអន្ទែងពេក"។បន្ថែមពីនេះទៀត លោក រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអះអាងថា បណ្តាញទំនាក់ទំនងដែលមានជាមួយកូរ៉េខាងជើងនោះ គឺជាបណ្តាញផ្ទាល់របស់អាមេរិក មិនមែនជាបណ្តាញ ដែលឆ្លងកាត់អន្តរាគមន៍សម្របសម្រួល របស់ចិនទេ។គួរកត់សម្គាល់ថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសព័ត៌មាននេះ ក្រោយពេលដែលលោក បានជួបជាមួយថ្នាក់ដឹកនាំចិន នៅទីក្រុងប៉េកាំង។ គេពិបាកស្មានណាស់ ថាហេតុអ្វីបានជាលោក Tillerson យកឱកាសនេះ មកប្រកាសដំណឹងស្តីពីខ្សែបណ្តាញទំនាក់ទំនងដោយផ្ទាល់ ជាមួយកូរ៉េខាងជើង ដែលមិនមែនជាខ្សែបណ្តាញចិន។ តែបើតាមការស្មាន វាអាចជា វិធីសាស្ត្រមួយ ដើម្បីបញ្ជាក់ប្រាប់ទៅចិនថា បើទោះជាគ្មានចិនជួយសម្របសម្រួល អាមេរិក ក៏អាចមានលទ្ធភាព ចូលទៅនិយាយទាក់ទង ជាមួយកូរ៉េខាងជើងដែរ។ទោះយ៉ាងណា ការប្រកាសឲ្យដឹងថា អាមេរិក មានខ្សែបណ្តាញដើម្បីទាក់ទងនឹងកូរ៉េខាងជើង ព្រមទាំងថា ភាគីអាមេរិក កំពុងត្រងត្រាប់ស្តាប់ និងស្ទាបស្ទង់ចិត្តកូរ៉េខាងជើងនោះ គឺវាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់ ព្រោះថា មួយរយៈចុងក្រោយនេះ លោកដូណាល់ត្រាំ គិតតែប្រឹងបំពងសម្លេង គំរាមកំទេចកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន និងលោកដូណាល់ ត្រាំ បានបន្តគំរាមកំទេចគ្នាទៅវិញទៅមក។យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ ទី ៣០កញ្ញា នេះទៀត ទីភ្នាក់ងារឃោសនារបស់របបព្យុងយ៉ាងបាន ប្រកាសដៀលជេរ លោកដូណាល់ ត្រាំ ថាជា “តាចាស់វិកលចរិក” ហើយថា បើអាមេរិក ហ៊ានសាកល្បង ជាមួយកូរ៉េខាងជើង នោះអាមេរិក នឹងឆេះខ្ទេចក្លាយជាផេះ ដោយសារអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕អត្ថបទដកស្រង់ ទេព វណ្ណះ
