មិនទាន់ប្រកាសចេញជាផ្លូវការមែន ប៉ុន្តែដំណឹងពីលក្ខណៈសម្បត្តិ និងរូបរាង Huawei Mate 10 និង Mate 10 Pro ត្រូវបានគេបញ្ចេញជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាដំណឹងអាចជឿទុកចិត្តបាន។ ជាក់ស្ដែងកាលពីសប្ដាហ៍មុនមានការលេចចេញរូបរាងផ្លូវការរបស់ត្រកូល Mate 10 ដែលបានមកពីវីដេអូផ្សព្វផ្សាយផ្លូវការ។
ថ្ងៃនេះ Evan Blass គណនី Twitter ដែលតែងចែកចាយដំណឹងច្បាស់ៗពីស្មាតហ្វូនជំនាន់ថ្មីបានបង្ហាញរូបភាពមួយសន្លឹក ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពី Huawei Mate 10 Pro ទាំងខាងមុខ និងក្រោយ។ ដូចដែលឃើញតាមរយៈរូបភាព Mate 10 Pro មានស៊ុមអេក្រង់រាងស្ដើង មានផ្ទៃខាងមុខពណ៌ខ្មៅ និងផ្នែកខាងក្រោយមានជម្រើសពណ៌បីរួមមានប្រផេះ ខៀវ និងត្នោត។
បង្គំកាមេរ៉ាភ្លោះនៅពីក្រោយហាក់មានលក្ខណៈខុសប្លែកពីមុន ដោយស្ថិតនៅដាច់ពីគ្នា អមជាមួយនឹងទ្រនាប់ស្កេនខ្ចៅដៃនៅជួរខាងក្រោម។ កាមេរ៉ាភ្លោះនេះដែរ ជឿថាមាន Aperture ទំហំដល់ f/1.6 ដែល Huawei អះអាងថាជា Aperture ទំហំធំជាងគេក្នុងលោក សម្រាប់ឡេនកាមេរ៉ាលើស្មាតហ្វូន។
ផ្អែកតាមវីដេអូខ្លីដែល Huawei ទើបតែចេញផ្សាយកាលពីម្សិលម្ង៉ៃបានអះអាងថាត្រកូល Huawei Mate 10 មិនមែនជាស្មាតហ្វូននោះទេ ប៉ុន្តែជាម៉ាស៊ីនដ៏ឆ្លាតវៃ។ ចង់ដឹងថាឆ្លាតវៃកម្រិតណាមានតែរង់ចាំការប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលា ខាងមុខប៉ុណ្ណោះ៕
ប្រភព៖ PhoneArena