
លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត នាំយកអាវរងាជាង៨ពាន់អាវជូនកងទ័ព
បញ្ចូលដោយ៖ Laiheang Vobfm - 29/10/2017ខេត្តព្រះវិហារ ៖ មេបញ្ជាការរងកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអាវរងាជាង៨ពាន់អាវទៅចែកជូនកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងកងកម្លាំងទាំង៣ប្រភេទនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ខណៈដែលរដូវរងាបាននឹងកំពុងឈានមកដល់នាពេលខាងមុខដ៏ខ្លីនេះ ។
យុទ្ធនាការនាំយកអាវរងាចែកជូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធខាងលើនេះ គឺជាសកម្មភាពជាប្រចាំដែលបានចាត់ចែងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នោះជាការបង្ហាញយ៉ាងច្បាស់ថា លោកទាំង២បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតទៅជីវភាពរស់នៅ និងការឈរជើងរបស់កងទ័ពតាមបណ្ដោយព្រំដែនក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ។ ពិធីចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ខាងលើនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទី បញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្ដរាគមន៍លេខ៣ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ។
សម្រាប់អាវរងានឹងត្រូវចែកជូនកងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ នគរបាលការពារព្រំដែន និងកងកម្លាំងទាំង៣ប្រភេទ របស់ខេត្តព្រះវិហារ ។ ពិធីចែកអាវរងាខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំយោធា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនអ្នកផ្សេងទៀត ។ នៅចំពោះមុខកងកម្លាំងយោធារាប់ពាន់នាក់ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពចំពោះមេបញ្ជាការ និងកងទ័ពនៅតាមអង្គភាពនីមួយៗ ដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិ របស់អ្នកនយោបាយ ដែលប៉ង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន ៕