ម្ចាស់ជើងឯក ONE Championship អាស៊ី-កាណាដា កីឡាការិនី Angela Lee ពេលនេះបានភ្ជាប់ពាក្យជាមួយមិត្តប្រុសសញ្ជាតិប្រេស៊ីល Bruno Pucci ដែលជាកីឡាករវាយក្នុងទ្រុងដូចគ្នា។
Lee បានប្រកាសដំណឹងនេះលើបណ្ដាញសង្គម Instagram កាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលដែលគូស្នេហ៍ទាំងពីរទៅលេងនៅកោះ ហាវ៉ៃ។ "YES! YES! YES! Bruno Pucci អរគុណដែលបានបំពេញរឿងដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំមិនអាចរកចាំថ្ងៃផ្លូវការ ក្លាយជាភរិយារបស់អ្នកបានឡើយ"។ នេះជាអ្វីដែល Lee បានសរសេរភ្ជាប់ជាមួយរូបចិញ្ចៀន។
Lee វ័យ២១ និង Bruno Pucci វ័យ២៧ឆ្នាំ បានចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីខែ មករា ដើមឆ្នាំនេះ។ Bruno Pucci ជាគ្រូក្បាច់គុនប្រេស៊ីល jiu-jitsu ក្នុងក្លឹប Evolve MMA ហើយក៏ជាកីឡាករក្នុងស្ថាប័ន ONE Championship ដូចគូដណ្ដឹងដែរ។ ចំណែក Angela Lee ដែលជាប់សាច់ឈាមសិង្ហបុរី-កូរ៉េ និងវាយតំណាងឲ្យសិង្ហបុរី គឺជាម្ចាស់ខ្សែក្រវាត់ ONE Championship ទម្ងន់ Atomweight ដោយបានវាយឈ្នះកីឡាការិនីជប៉ុន Mei Yamaguchi កាលពីឆ្នាំ២០១៦៕
ប្រភព៖ Channelnewsasia
