អតីតគ្រូបង្វឹកក្លឹបអាល្លឺម៉ង់ Mainz 05 លោក Eckhard Krautzun កាលពីពេលថ្មីៗនេះបាននិយាយថា លោក Jurgen Klopp ធ្លាប់បង្ហើបប្រាប់ខ្លួនថាចង់ដឹកនាំក្លឹបបិសាចក្រហម Manchester United។
លោក Krautzun បានថ្លែងទៅសារព័ត៌មាន TheSetPieces ថា "Klopp បានប្រាប់ខ្ញុំថា វាគឺជាសុបិនរបស់គាត់ ដើម្បីទៅដឹកនាំក្នុងក្លឹបក្នុងលីគកំពូលអង់គ្លេសក្នុងថ្ងៃណាមួយ ហើយក្លឹបដែលគាត់ចូលចិត្តជាងគេគឺ ក្លឹប Manchester United"។ បុរសសញ្ជាតិអាល្លឺម៉ង់វ័យ ៧៦ឆ្នាំរូបនេះ ក៏បានបង្ហើបទៀតថា ខ្លួនធ្លាប់បានប្រាប់រឿងនេះទៅលោក Alex Ferguson ដែរ នៅពេលអតីតអ្នកចាត់ការក្លឹបបិសាចក្រហមរូបនេះបានសម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ តែចុងក្រោយ ក្លឹប Manchester United បែរជាតែងតាំងលោក David Moyes ជាអ្នកដឹកនាំបន្តទៅវិញ។ លោក Krautzunបានបន្តទៀតថា៖ "ប៉ុន្តែបន្ទាប់ពីចាកចេញពី Dortmund អស់រយៈពេល ៣ ទៅ ៤ខែមក ហើយនៅពេលនោះ Liverpool បានធ្វើការទាក់ទងមក ខ្ញុំដឹងថា គាត់នឹងមិនរារែកក្នុងការទទួលទេ ព្រោះគាត់ចង់ទៅដឹកនាំក្លឹបកំពូលមួយនៅអង់គ្លេស"។
លោក Eckhard Krautzun ជាគ្រូបង្វឹកដឹកនាំក្លឹប Mainz 05 បន្ទាប់ពី Jurgen Klopp ធ្លាប់ដឹកនាំក្លឹបអាល្លឺម៉ង់មួយនេះក្នុងឆ្នាំ ២០០១។ ៧ ឆ្នាំក្រោយមក Klopp បានចាកចេញទៅគ្រប់គ្រងក្លឹប Borussia Dortmund រហូតដល់ឆ្នាំ ២០១៥។ ខែតុលាឆ្នាំ ២០១៥ លោក Klopp ត្រូវបានក្លឹបហង្សក្រហម Liverpool តែងតាំងជាអ្នកចាត់ការរបស់ក្លឹប បន្ទាប់ពីលោក Brendan Rodger ត្រូវបានបណ្ដេញចេញ។ ចំណែកក្លឹប Manchester United វិញ តាំងពីលោក Alex Ferguson ចូលនិវត្តន៍ឆ្នាំ ២០១៣ មក បានដូរចេញអ្នកចាត់ការចំនួន ៣ រូបហើយ។ Liverpool នឹងបើកទ្វារស្វាគមន៍ក្លឹប Manchester United ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស នៅថ្ងៃសៅរ៍ខាងមុខនេះ៕
