ក្រុមជម្រើសជាតិអង់គ្លេស នឹងទទួលបានការចាក់ថ្នាំបង្ការជំងឺ Rabies ឬជំងឺសត្វឆ្កួត(ខ្មែរនិយមហៅថាជំងឺឆ្កែឆ្កួត) មុនពេលទៅលេងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំក្រោយ ដោយសារតែរុស្ស៊ីសំបូរសត្វព្រៃជាច្រើនផ្ទុកជំងឺនេះ។
បើតាមនាយកដ្ឋានសុខភាពសាធារណៈរបស់អង់គ្លេសកាលពីពេលថ្មីៗនេះបានប្រកាសថា ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានការប្រឈមខ្ពស់នឹងជំងឺ Rabies ហើយពលរដ្ឋអង់គ្លេសណាដែលទៅទីនោះគួរតែត្រូវការចាក់វ៉ាក់សាំងជំងឺនេះជាមុនសិន។ នេះមានន័យក្រុមជម្រើសជាតិអង់គ្លេសក៏នឹងទទួលបានការចាក់ថ្នាំបង្ការនេះផងដែរ ដោយក្រុមកីឡាករបាល់ទាត់ទាំងនោះនឹងត្រូវទៅប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ ដើម្បីចូលរួមក្នុងការប្រកួតបាល់ទាត់ World Cup ក្រោយពីកក់កៅអីបានសម្រេចកាលពីសប្ដាហ៍មុន។
ទោះជាយ៉ាងនេះក៏ដោយ បើតាមការិយាល័យទេសចរណ៍របស់រុស្ស៊ីនៅក្នុងទីក្រុងឡុងដុង បាននិយាយថា ព្រឹត្តិការណ៍ World Cup ធ្វើឡើងតែនៅក្នុងទីក្រុងដែលអភិវឌ្ឍទំនើបនៅភាគខាងលិចប្រទេសប៉ុណ្ណោះ ដែលតំបន់ទាំងនេះអត្រានៃការប្រឈមនឹងការឆ្លងជំងឺ Rabies មានតិចតួចណាស់។
គួរបញ្ជាក់ផងដែរ ជំងឺ Rabies សម្លាប់មនុស្សប្រហែល ៦ម៉ឺននាក់ក្នុងពិភពលោកជារៀងរាល់ឆ្នាំ ហើយភ្នាក់ងារដែលមានផ្ទុកជំងឺនេះ មានដូចជា សត្វឆ្កែ ចចក ប្រចៀវ ក្ដាន់ កញ្ជ្រោង កាំប្រមា និងកំប្រុកជាដើម៕
