ក្រៅពីទីផ្សារស្មាតហ្វូន Apple របស់អាមេរិក និង SAMSUNG របស់កូរ៉េខាងត្បូង បច្ចុប្បន្នទីផ្សារស្មាតហ្វូនចិនក៏កំពុងត្រូវប៉ាន់ខ្លាំងទាំងក្នុងនិងក្រៅស្រុក។ បើមានលុយក្រោម ៥០០ ដុល្លារ ហើយចង់បានស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងជាស៊េរីខ្ពស់ អាចមកមកមើើល ៥ ម៉ូដែលនៅខាងក្រោមនេះបាន។
១.OnePlus 5
ជាស្មាតហ្វូនស៊េរីក្រោយរបស់ OnePlus បំពាក់ឈីបកម្លាំងខ្លាំង Snapdragon 835 និងមាន RAM 6GB ហើយអង្គចងចាំ 64GB។ រចនាភ្ជាប់នូវកាមេរ៉ាភ្លោះមួយគ្រាប់ទំហំ 16MP ប្រភេទ SONY IMX398 មាន Aperture F/1.7 និងមួយគ្រាប់ទៀត 20MP ជាប្រភេទ Telephoto Lens បូកផ្សំកាមេរ៉ាមុខ 16MP មាន Aperture F/2.0។
អេក្រង់ធំល្មម ៥.៥ អ៊ីញ កម្រិត Full HD ប្រភេទ AMOLED មានថាមពលថ្ម 3,000mAh គាំទ្រមុខងារសាកថ្មរហ័ស Dash Charge 5V 4A និងដំណើរការលើ Android 7.0 Nougat ចេញពីប្រអប់ស្រាប់។ ស្មាតហ្វូននេះមាន**តម្លៃប្រហែល ៤៧៥ ដុល្លារ**នៅទីផ្សារក្រៅស្រុក។
២.Nubia Z17
តម្លៃលក់ខុសគ្នាប្រហែល ៥០ ដុល្លារ ធៀបនឹង OnePlus 5 ស្មាតហ្វូនកំពូលរបស់ Nubia បានរចនាបញ្ចូលនូវកាមេរ៉ាភ្លោះខាងក្រោយដូចគ្នា។ មួយគ្រាប់ទំហំ 23MP មាន Aperture F/1.8 ភ្ជាប់មុខងារ OIS និងមួយគ្រាប់ទៀត 12MP មុខងារ 2X Optical Zoom និងកាមេរ៉ាមុខ 16MP មាន Aperture F/2.0។
លេងហ្គេមធំៗបានរលូន ដោយប្រើឈីប Snapdragon 835 មាន RA M 6GB និងអង្គចងចាំ 64GB។
ប្រើអេក្រង់ធំ ៥.៥ អ៊ីញ កម្រិត Full HD ប្រភេទ IPS និងមានថាមពលថ្ម 3,200mAh គាំទ្រមុខងារសាកថ្មរហ័ស Quick Charge 4.0។ ចំណុចអន់ចិត្តម្យ៉ាងលើស្មាតហ្វូននេះ គឺពុំមានរន្ធដោតកាសទំហំ 3.5mm ដូច iPhone 7 ដោយចំណុចនេះ មិនជាមានការពេញចិត្តខ្លាំងប៉ុន្មានឡើយ គ្រាន់ថាអ្នកអាចប្រើដុំភ្ជាប់តនៃកាសនិងខ្សែសាកព្រមគ្នា ឬប្រើប្រភេទ Wireless Bluetooth។
៣.Xiaomi Mi6
Xiaomi ទំនងជាត្រូវប៉ាន់ខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចេញជាបន្តបន្ទាប់នូវស្មាតហ្វូនធន់ខ្ពស់ Mi6។ លក្ខណៈសម្បត្តិនៃអង្គគណនាដូច OnePlus 5 និង Nubia Z17 គ្រាន់បន្ថែមអង្គចងចាំធំជាងដល់ 128GB ប៉ុន្តែតម្លៃថោកជាង**ត្រឹម ៥០០ ដុល្លារ**ប៉ុណ្ណោះ។
អេក្រង់ល្មមកាន់ពេញដៃ ៥.១៥ អ៊ីញ កម្រិត Full HD ហើយនៅផ្នែកខាងក្រោមមានប៊ូតុង Home អាចស្កេនខ្ចៅដៃបាន។ មានកាមេរ៉ាភ្លោះខាងក្រោយដូចគ្នាទំហំ 12+12MP មានមុខងារ OIS អាចអនុញ្ញាតឲ្យអ្នកថតរូបបែប Portrait Mode ដូចមានលើ iPhone 7 Plus អ៊ីចឹងដែរ។ ថាមពលថ្មធំ 3,350mAh គាំទ្រមុខងារសាកថ្មរហ័ស Quick Charge 3.0 និងប្រព័ន្ធ 4G LTE។
៤.Oppo R11
អ្នកឯកទេស Selfie នៃក្រុមហ៊ុន Oppo បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីបន្ទាប់ មានបំពាក់កាមេរ៉ាភ្លោះខាងមុខ 20+16MP និងខាងមុខទំហំ 20MP ថត Selfie ស្អាតមួយចាស់ដៃ។ ចំណែកឯអង្គគណនាម៉ាស៊ីននៅចាញ់ស្មាតហ្វូនខាងលើ ដោយប្រើត្រឹមតែ Snapdragon 660 មាន RAM 4GB និងអង្គផ្ទុក 64GB។ ប៉ុន្តែស្មាតហ្វូននេះអាចថតវីដេអូកម្រិត 4K និង Slow-mo នៅលក្ខខណ្ឌ 120fps ហើយមានថាមពលថ្ម 2,900mAh និងរត់លើ Android 7.0 Nougat។ ស្ថិតក្នុងតម្លៃ ៤៥០ ដុល្លារ ឬអ្នកអាចជ្រើសរើសម៉ូដែល R11 Plus មានអេក្រង់ធំដល់ ៦ អ៊ីញនិងថាមពលថ្មធំជាង តែតម្លៃខុសគ្នាប្រហែល ១០០ ដុល្លារ។
៥.Xiaomi Mi Note 2
បន្ទាប់ពី Mi6 បើអ្នកស្រលាញ់ស្មាតហ្វូនអេក្រង់ធំ ហើយស្លាកយីហោ Xiaomi តែមួយ អ្នកអាចលៃលកមើលម៉ូដែល Mi Note 2។ ខណៈតម្លៃរបស់វាចាប់ផ្តើមពីខ្ទង់ជាង ៣០០ ដុល្លារ ដល់ជិត ៤០០ ដុល្លារផ្អែកលើទំហំ RAM 4GB/6GB និងអង្គផ្ទុក 64GB/128GB ប៉ុន្តែវាប្រើនូវឈីបសេរ៊ីមុន Snapdragon 821 នៅឡើយ។
ប្រើអេក្រង់ទំហំ 5.7 អ៊ីញ ប្រភេទ OLED ដែលផលិតដោយ LG និងមានកាមេរ៉ា 22.5MP ប្រភេទ Sensor IMX318 របស់ SONY មាន Aperture F/2.0 អាចថតវីដេអូកម្រិត 4K និងវីដេអូ Slow-mo នៅលក្ខខណ្ឌ 120fps។ កាមេរ៉ាមុខទំហំ 8.0MP មាន Aperture F/2.0 ដូចគ្នា។ សម្រាប់ Mi Note 2 មានថាមពលថ្មធំដល់ 4.070mAh និងគាំទ្រមុខងារសាកថ្មរហ័ស Quick Charge 3.0 និងគាំទ្រប្រព័ន្ធ 4G LTE។
ប្រភព៖ Gizchina
