មេស្នាក់ការគយចល័ត និងបក្ខពួកកំពុងតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា ដាក់កុងត្រូលជជុះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេស្នាក់ការគយចល័ត និងបក្ខពួកកំពុងតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា ដាក់កុងត្រូលជជុះ

11/10/2017
ខេត្តព្រៃវែង ៖ មេស្នាក់ការគយចល័ត និងបក្ខពួកកំពុងតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា ដាក់កុងត្រូលជជុះ ដើម្បីយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលនាំចូលពីប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ដោយគ្មានការបង្ក្រាបអ្វីឡើយ ហើយទំនិញទាំងនោះភាគច្រើនជាបន្លែ ផ្លែឈើ និងគ្រឿងទេស ដែកត្រូវមិនបានពិនិត្យគុណភាពត្រឹមត្រូវ និងទំនិញផ្សេងៗទៀត ដែលលួចឆ្លងដែនដោយខុសច្បាប់ ឬមិនបង់ពន្ធមិនគ្រប់។

ប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ បានរាយការណ៍ឱ្យដឹងថា ស្នាក់ការរបស់គយចល័តមួយកន្លែង ស្ថិតលើផ្លូវជាតិលេខ១ ក្នុងភូមិរពាក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញមានរថយន្តដឹកទំនិញទាំងតូចទាំងធំ ដែលឆ្លងកាត់ប៉ុស្តិ៍ស្នាក់ការគយចល័តនេះ ត្រូវឈប់ចូលបង់លុយមិនដែលរំលងទេ។ ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ក្រុមគយចល័តបានដាក់ប៉ុស្តិ៍ត្រង់ចំណុចខាងលើនេះ ជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមិនដែលឃើញបង្ក្រាបទំនិញគេចពន្ធ ឬរឹបអូចទំនិញខូចគុណភាព ដែលនាំចូលពីប្រទេសវៀតណាមនោះទេ ឃើញតែក្រុមបើកបររថយន្តដឹកទំនិញរត់ចូលបង់លុយប៉ុណ្ណោះ។

តាមប្រភព័ត៌មានពីអ្នកបើករថយន្តសាំយ៉ុងដឹកទំនិញតាមផ្លូវជាតិ១ បានប្រាប់ឱ្យដឹងថា សម្រាប់រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបង់លុយឱ្យគយចល័តចាប់ពី ១ម៉ឺនរៀល ដល់៤ម៉ឺនរៀល តាមការដឹកតិចឬច្រើន ហើយរថយន្តធំៗពួកគាត់អត់ដឹកបង់ប៉ុន្មានទេ។ អ្នកបើកបររូបនេះបានបន្តទៀតថា រាល់រថយន្តដឹកទំនិញពីព្រំដែនវៀតណាមតាមផ្លូវជាតិលេខ១នេះ មិនដែលរំលងកន្លែងស្នាក់ការគយចល័តនេះទេ បើហ៊ានតែរំលង ទំនិញទាំងអម្បាលមាណនៅលើរថយន្តពិតជាត្រូវចាប់ដុតកម្ទេចចោលជាក់ជាមិនខាន។

កាលពីល្ងាចចុងសប្តាហ៍មុន បុរសម្នាក់ស្លៀកពាក់ស៊ីវិល បានចេញមកទទួលយកលុយពីអ្នកបើកបររថយន្តធុនធំ មានផ្ទុកផ្លែឈើ និងគ្រឿងទេសយ៉ាងសំពីងសំពោង ខណៈក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការនេះ កំពុងតែលេងបាល់ទះយ៉ាងសប្បាយរីករាយ នៅលើដីឡូដ៍ទំនេរមួយកន្លែងស្ថិតនៅជាប់គ្នានេះ។ ស្នាក់ការគយចល័តនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ផែន ភឿង
ដែលជាមេគយចល័តម្នាក់ល្បីខាងប្រើកូនចៅក្រោមបង្គាប់ឲ្យកៀបយកលុយពីរថយន្តដឹកទំនិញ ដោយមិនខ្វល់ថា រថយន្តទាំងនោះដឹកទំនិញស្របច្បាប់ ឬជាទំនិញគេចពន្ធឡើយ គឺដាច់ខាតត្រូវតែបង់លុយ។
សូមបញ្ជាក់ថា ទំនិញដែលឆ្លងកាត់ផ្លូវជាតិលេខ១ គឺភាគច្រើនចេញពីច្រករបៀង ស្វាយអាង៉ោង ច្រកពាមទា ស្រុកកំពង់ត្របែក ច្រករបៀងបន្ទាយចក្រី ស្រុកព្រះស្តេច ច្រកទ្វេភាគី សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានគ្រប់ប្រភេទបន្លែ ផ្លែឈើ គ្រឿងទេស គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

សម្រាប់រថយន្តដឹកទំនិញទំដែលបង់ពន្ធគយព្រំដែនមិនគ្រប់ ឬដាក់លើច្បាប់នាំចូលត្រូវបង់លុយឱ្យក្រុមគយចល័តខាងលើនេះមិនតិចនោះទេ។ លោក ផែន ភឿង មេគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ក្នុងភូមិរពាត់ ឃុំរំចេក ស្រុកព្រះស្តេច នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មិនអាចទំនាក់ទំនងសុំការបំភ្លឺបាន ៕