ចុងក្រោយ....លោកនាយ​ប៉ុស្តិ៍​​ឃុំ​ព្រៃ​​ចាស់ ក្លាយ​ជា​ជន​សង្ស័យ​ទៅ​វិញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចុងក្រោយ....លោកនាយ​ប៉ុស្តិ៍​​ឃុំ​ព្រៃ​​ចាស់ ក្លាយ​ជា​ជន​សង្ស័យ​ទៅ​វិញ​

09/10/2017
ខេត្តបាត់ដំបង​ ៖ ​ លោក​ឥន្ទ សេនា នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ​ ដែល​អះអាង​ថា ត្រូវ​អ្នកបើកបរ​​កាណូត​ម្នាក់​វាយ​ប៉ោង​ភ្នែក​ម្ខាង ​ពេល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស កាលពី​អំឡុង​ខែសីហា​កន្លង​ទៅ​នោះ ពេល​នេះ​មន្ត្រី​រូប​នេះ​ បែរជា​ក្លាយ​ទៅ​​ជា​ជន​សង្ស័យ ពាក់ព័ន្ធ​ដំណើររឿង​ (​ប្រើ​ហិ​​ង្សា​ដោយ​​ចេតនា​) ​ទៅ​លើ​ម្ចាស់​កាណូត​ទៅ​វិញ ហើយ​ត្រូវ​តំណាង​អយ្យការ​អម​សាលា​​ដំបូង​ខេត្ត​ចេញ​ដីកាកោះ​អញ្ជើញ​ ឱ្យ​​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការនៅ​សៀល​ថ្ងៃ​ទី​១០ ​តុលា​ ។

លោក​​ឧត្ត​សេនីយ​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍​​ថា តំ​ណា​អយ្យការ​អម​សាលាដំបូង​ខេត្ត ពិតជា​បាន​ចេញ​ដីកា​កោះហៅ​លោក​ឥន្ទ សេនា នាយ​ប៉ុ​ស្ដិ៍​​នគរបាល​ឃុំ​ព្រៃ​ចាស់ ឱ្យ​ចូល​បំភ្លឺ​មែន​ ក្នុង​នាម​ជា​ជនសង្ស័យ​ដែល​រង​ការ​ប្ដឹង​បក​​វិញ ដោយ​ក្រុម​គ្រួសារ​របស់​ឈ្មោះ​សាន ឡេ​ន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​រឿង​បើក​កា​ណូត​លឿន​រំខាន​អ្នក​ដទៃ កាលពី​ខែសីហា​កន្លង​ទៅ​ ។

លោកស្នងការ​រង​​​បញ្ជាក់​ថា ម្ចាស់​កាណូត​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ តែ​ត្រូវ​បាន​ដោះ​លែង​វិញ ដោយ​តុលាការ​សំអាង​ថា ជន​នោះ​ មាន​ជំងឺ​សរសៃ​ប្រសា​ត ដែល​មាន​ឯកសារ​បញ្ជាក់​ពី​គ្រួ​ពេទ្យ​ទៀត​ផង​ ។ បើ​យោង​​តាម​«​ដីកាកោះ​»​របស់​តំណាង​អយ្យការ​ដែល​កោះសន្តិភាព​ទ​ទូល​បាន គឺ​ដីកា​នោះ​ចេញ​ដោយ​លោក​គឺ ប៊ុ​ណ្ណ​រ៉ា ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​ថ្ងៃ​ទី​២៦​កញ្ញា​ ២០១៧ បាន​កោះ​អញ្ជើញ​ឈ្មោះ​ឥន្ទ សេនា ភេទ​ប្រុស ជា​ជនសង្ស័យ មានមុខ​ងារ​ជា​មេ​ប៉ុ​ស្ដិ៍​​រដ្ឋបាល​ឃុំ​ព្រៃ​ចាស់​ ។ ដីកា​នេះ​បាន​កំ​ណត់​ ឱ្យ​លោក​ឥន្ទ សេនា ចូលខ្លួន​ទៅ​កាន់​តំណាង​អយ្យការ​នៅ​រសៀល​ថ្ងៃ​ទី​១០​កញ្ញា ២០១៧ ដើម្បី​សាកសួរ​ពី​ដំណើររឿង​(ហិង្សា​ដោយ​ចេតនា​) តាម​បណ្ដឹង​របស់​ឈ្មោះ​ព្រំ ពៅ ភេទ​ប្រុស ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​គ្រួសារ​របស់​ឈ្មោះ​សាន ឡេ​ន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​រឿង​បើកកាណូត​លឿន​ ។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ២០១៧ លោក​ឥន្ទ សេនា នាយ​ប៉ុ​ស្ដិ៍រដ្ឋបាល​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវា​ទ​មួយ​ក្រុម ចុះ​ទៅ​ឃាត់ខ្លួន​ឈ្មោះ​សាន ឡេ​ន អាយុ​២៥​ឆ្នាំ ខណៈ​ដែល​ជន​នេះ​កំពុង​សម្ងំ​ដេក​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ដោយ​ចោទ​បុរស​នេះ​ថា បាន​បើកបរ​កាណូត​លឿន​ហាម​មិន​ស្ដាប់ ដែល​នាំ​រំខាន​ដល់​អ្នក​ដទៃ​ស្ទើរ​រាល់ថ្ងៃ​។ ក្នុង​កិច្ច​ប្រតិ​បត្តិការ​នេះ បាន​ប្រទូស្ដ​រាយ​គ្នា​យ៉ាង​ខ្លាំង​ រវាង​កម្លាំង​សមត្ថកិច្ច​ និង​ឈ្មោះ​សាន ឡេ​ន រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​២​នាក់​រង​របួស គឺ​លោក​ឥន្ទ សេនា របួស​ប៉ោង​ភ្នែក​ម្ខាង និង​មន្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ធឿ​ន ភក្ដី របួស​បាក់​ខ្ទង់ច្រមុះ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ​សាន ឡេ​ន ក៏​របួស​ធ្ងន់ធ្ងរ​ដែរ ​រហូត​ក្អួត​ធ្លាក់ឈាម​ទៀត​ផង​ ។

ជាមួយ​និង​ការ​បង្ក្រាប​ដោយ​ហិ​​ង្សា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ​សាន ឡេ​ន បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​ទាំង​ស្នាម​របួស​សុះ​សាច់​។ ប៉ុន្តែ​ពេល​មក​ដល់​ស្នងការ​ខេត្ត មន្ត្រី​ការិយាល័យ​ជំនាញ​ ក៏​បាន​ប្រគល់​ឈ្មោះ​សាន ឡេ​ន ឲ្យ​ទៅ​អាណាព្យាបាល​វិញ ដើម្បី​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិន ដោយសារ​តែ​ជន​នេះ​ក្អួត​ធ្លាក់ឈាម ហើយ​ក៏​មានការ​ឯកភាព​ពី​តំណាង​អយ្យការ និង​លោក​ស្នង​ការ​​ខេត្ត​ដែរ​។ ដោយសារ​តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ​សាន ឡេ​ន ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​របួស លោក​ឥន្ទ សេនា នាយ​ប៉ុ​ស្ដ៏​រដ្ឋបាល​ព្រៃ​ចាស់ ដែល​ត្រូវ​ជន​នេះ​វាយ​ប៉ោង​ភ្នែក​ម្ខាង បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង រហូត​ប្រមា​ន​ដោះ​សម្លៀក​បំពាក់​ប្រគល់​ជួន​អង្គភាព​លាឈប់​ពី​ការងារ​ទៀត​ផង​។

ប៉ុន្តែ​ក្រោយ​ពី​ស្នាម​របួស​របស់​ឈ្មោះ​សាន ឡេ​ន ជា​សះស្បើយ មន្ត្រី​ការិយាល័យ​ជំនាញ​ក៏​បាន​នាំ​ខ្លួន​ជន​នេះ មក​សាកសួរ​ជា​ថ្មី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ក្រោយ​ពី​សួរនាំ​តំណាង​អយ្យការ​បាន​សម្រេច​ដោះ​លែង​ជន​នេះ​វិញ ដោយ​សំអាង​ថា ឈ្មោះ​សាន ឡេ​ន មាន​រោគ​សរសៃ​ប្រសា​ត ដែល​មាន​លិខិតបញ្ជាក់​ពី​គ្រួ​ពេទ្យ​យ៉ាង​ច្បាស់លាស់​ទៀត​ផង​ ៕