ការជួបគ្នារវាងកីឡាករកម្ពុជា មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជើងខ្លាំងថៃ Aram Boy ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Barrley Black ក្នុងទម្ងន់ ៦៥ គីឡូក្រាម នៅលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ បានធ្វើឲ្យអ្នកតាមដានការប្រដាល់មានចម្ងល់ និងចោទជាសំនួរថា តើសមត្ថភាពរបស់ មាស សុជាតិ អាចទៅរួចទេ?។
ការឡើងលើកបែបនេះ ដោយសារគេមើលឃើញថា មាស សុជាតិ មានសមត្ថភាពខ្សោយជាងកីឡាករកម្ពុជា ៣ នាក់ទៀតមាន មឿន សុខហ៊ុច, ជា សំនៀង និង ជឹម ចិត្រា ដែលដាក់ប្រកួតខ្សែក្រវាត់នេះដែរ។
ប៉ុន្តែបញ្ហាអាថ៌កំបាំងនៅពីក្រោយឆាកប្រដាល់ ដែលគេមន្ទិលសង្ស័យខ្លាំងនោះ គឺ មាស សុជាតិ ជាកូនសិស្សលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ ហើយទាំង សុជាតិ លោក ថៃ អ៊ូ និងកីឡាករថៃ ហ្វឹកហាត់ហូបចុកស្នាក់នៅបណ្តោះអាសន្ន និងធ្វើដំណើរពីប៉ោយប៉ែតមកប្រកួតភ្នំពេញក្នុងរថយន្តតែមួយ មិនដឹងថាការប្រកួតមានតម្លាភាពកម្រិតណានោះទេ។
ជុំវិញបញ្ហានេះលោក ញាន សុធី ប្រធានគ្រប់គ្រងកម្មវិធីប្រកួតប្រចាំអាស៊ីអាគ្នេយ៍ ប្រាប់ថា៖ «ការផ្គូផ្គងយើងសម្រេចរួមគ្នារវាងភាគីខាងប៉ុស្តិ៍ មន្ត្រីសហព័ន្ធ និងខាងម្ចាស់ស្ពនស័រ តែបើតម្រូវឲ្យកីឡាករមានសមត្ថភាពស្មើគ្នាដូចថ្លឹង រកមិនបានទេ គឺតែងតែមានទាបខ្ពស់ ឬមានកម្រិតខុសគ្នាបន្តិចបន្តួច ជារឿងធម្មតាគឺនៅពិភពលោកក៏ធ្វើមិនបានល្អ ១០០ ភាគរយដែរ។ ប៉ុន្តែសង្វៀនរបស់យើង មានក្រុមការងារពិនិត្យ វាយតម្លៃ ពេលប្រកួត ក្រោយប្រកួត និងមានវិធានការចំពោះការប្រកួតណា ដែលរកឃើញមានភាពមិនប្រក្រតី»។
ចំណែក លោក ថៃ អ៊ូ បានអះអាងថា៖ «កីឡាករមានការអភិវឌ្ឍ! ពីមុនមិនទាន់ល្អ តែបច្ចុប្បន្នកំពុងហ្វឹកហាត់ និងប្រកួតបានល្អ ហេតុនេះយើងលើកទឹកចិត្តឲ្យប្រកួតជាមួយជើងខ្លាំងៗទើបវារីកចម្រើន។ខ្ញុំជាអ្នករៀបចំផ្គូផ្គងម្នាក់ ខ្ញុំធ្វើអ្វីតែត្រឹមត្រូវតាមច្បាប់ ហើយខ្ញុំធានាថា មាស សុជាតិ ប្រកួតបានល្អ មានសមត្ថភាពប្រជែងដូចគេដូចឯង ចំណែករឿងចាញ់ឬឈ្នះនោះគ្មានអ្នកណាអាចទាយត្រូវមុនប្រកួតនោះឡើយ»។
លោកបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តលើ មាស សុជាតិ ឈ្នះ ៧០ ភាគរយដោយស្នៀតកណ្តាប់ដៃ ហើយសមត្ថភាពរបស់គេអាចតតាំងជាមួយកីឡាករថៃ Aram Boy គឺចាញ់ឬឈ្នះក្នុងលក្ខណៈតឹងតែងដូចគ្នា»។
Aram Boy ជាជើងខ្លាំងមួយរូប ធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាច្រើននាក់ហើយ ដោយគេល្អកែង និងជង្គង់។ លោក ថាញ់ វាឡែក ជាគ្រូបង្វឹក បានប្រាប់ថា Aram Boy ហាត់បានល្អហើយលោកសង្ឃឹមឈ្នះលើ មាស សុជាតិ ១០០ ភាគរយ។
ចំណែក មឿន សុខហ៊ុច ក៏ត្រូវប្រកួតជម្រុះដណ្តើម ៣ ពិន្ទុជាមួយថៃ Phich Nam Ek នារសៀលថ្ងៃអាទិត្យ នោះដែរ៕
