លោក Conte រិះគន់​កម្មវិធី​ប្រកួត​ជាមួយ​ក្រុម Man City - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក Conte រិះគន់​កម្មវិធី​ប្រកួត​ជាមួយ​ក្រុម Man City

01/10/2017
លោក Conte រិះគន់​កម្មវិធី​ប្រកួត​ជាមួយ​ក្រុម Man City
ក្រុងម៉ាឌ្រីដ: លោក Antonio Conte អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ធ្វើការ​រិះគន់​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​នៃ​ក្របខ័ណ្ឌ Premier League ជុំវិញ​ការ​មាន​ពេលវេលា​សម្រាក​ដ៏ខ្លី​ពីការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​មុន​ពេល​ត្រូវ​ជួប​ក្រុម​កំពុង​ឡើង​ទម្រង់​លេង Manchester City ក្នុងការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ដូចគ្នា​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ។

ក្រុម​របស់​លោក Conte បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Atletico Madrid រង​បរាជ័យ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League លើ​ទឹកដី​ខ្លួនឯង​ជា​លើក​ទី ២ ក្នុង​ចំណោម​ការប្រកួត ២៤ លើក​កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​ខ្សែប្រយុទ្ធ Michy Batshuayi បាន​រក​គ្រាប់បាល់​ឈ្នះ​នៅ​នាទី ទី ៩៤ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១។

ទោះបី​ជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​រិះគន់​ថា ការមាន​ប្រៀប​ផ្សេងៗ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ Man City ដែល​បាន​លេង​កម្មវិធី​ប្រកួត Champions League នៅ​លើ​ទឹកដី​ខ្លួនឯង​ជាមួយ​នឹង​ក្រុម Shakhtar Donetsk ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ កាល​ពី​ថ្ងៃ​អង្គារ។

លោក Conte បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​គិតថា យើង​រង​នូវ​ការពិន័យ​បន្តិច ហើយ​ក្នុង​ករណី​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុងការ​វិភាគ នៅ​មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត»។
គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «Man City បាន​លេង​លើ​ទឹកដី​ខ្លួនឯង​កាល​ពី​ថ្ងៃ​ម្សិលមិញ។ យើង​បាន​លេង​នៅ​រាត្រី​នេះ ហើយ​យើង​នឹង​វិល​ទៅ​កាន់​ទីក្រុង​ឡុងដ៍ នៅ​ម៉ោង ៤ ព្រឹក»។

Man City កំពុង​នាំមុខ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ពី​លើ​ក្រុម Manchester United ដោយសារ​តែ​មាន​គ្រាប់បាល់​ច្រើន​ជាង ខណៈដែល Chelsea កំពុង​តែ​ដេញ​តាម​ពីក្រោយ ៣ ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។

លោក Conte បាន​បញ្ជាក់​ថា៖ «Man City គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ។ ពួកគេ​កំពុងតែ​រកបាន​គ្រាប់បាល់​ជាច្រើន ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏ល្អ​ទៅ​លើ​ទម្រង់​លេង ហើយ​យើង​ត្រូវតែ​ត្រៀម​លក្ខណៈ​ឲ្យ​បានល្អ​សម្រាប់​ការប្រកួត​នេះ ពីព្រោះ​វាពិត​ជា​សំខាន់​ណាស់»។

គ្រូបង្វឹក​រូប​បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «នៅមុន​ពេល​ធ្វើការ​សម្រេច​ចិត្ត អ្នកខ្លះ​ត្រូវតែ​ធ្វើការ​វិភាគ​ឲ្យ​បានល្អ​ទៅលើ​ស្ថានភាព​នេះ។ វា​នឹង​មានការ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ​បន្ទាប់​ពី​ចុង​សប្តាហ៍​នេះ។ ខ្ញុំ​ភ្ញាក់ផ្អើល ដោយសារ​តែ​បញ្ហា​នេះ ពីព្រោះ​មាន​ពេលវេលា​ជាច្រើន​ក្នុងការ​លេង​ការប្រកួត​នេះ​ខុស​ពី​ថ្ងៃ​សៅរ៍»។

លោក Conte ពិតជា​ពេញចិត្ត​ទៅ​នឹងការ​បង្ហាញ​ពី​ទម្រង់​លេង​របស់ Chelsea ខណៈដែល​ពួកគេ​បាន​ធ្វើការ​វាយបក​យ៉ាង​ល្អ​ដើម្បី​ទទួល​បាន ៣ ពិន្ទុ​ពេញ​លើ​ទឹកដី​ក្រុម Atletico៕