ភ្នំពេញ ៖ ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងយោគយល់គ្នា ជាមួយប្រទេសម៉ុងហ្គោលី ដើម្បីអនុញ្ញាតឲ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរនៅពេលខាងមុខនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៩ កញ្ញានេះថា កាលពីម្សិលម៉ិញនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះកិច្ចព្រមព្រៀងជាមួយមន្ត្រីជាន់ខ្ពស់ ក្រសួងដឹកជញ្ជូនប្រទេសម៉ុងហ្គោលី ដើម្បីអនុញ្ញាតឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅពេលខាងមុខ ប្រសិនជាមានអាកាសចរណ៍ណាមួយ ចាប់អារម្មណ៍ភ្ជាប់ជើងហោះហើរត្រង់។
លោក បន្តថា វាជាការក្រាលផ្លូវមួយ ដើម្បីឲ្យមានការហោះហើរមកកម្ពុជា ប្រសិនជាក្រុមហ៊ុនណាចាប់អារម្មណ៍ ប៉ុន្តែការហោះហើរត្រង់ ឬអត់ វាអាស្រ័យលើកត្តាទីផ្សារ ព្រោះកត្តាទីផ្សារមានសារៈសំខាន់ណាស់។លោក បន្តថា ប្រទេសម៉ុងហ្គោលី ជាប្រទេសដែលផលិតសាច់ច្រើនដើម្បីនាំចេញ និងពឹងផ្អែកលើធនធានរ៉ែ ដោយសារប្រទេសនោះជាប្រទេសធ្លាក់ទឹកកកច្រើន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនេះ ជាសញ្ញាល្អមួយ ដើម្បីបើកផ្លូវអោយមានជើងហោះហើរត្រង់ពីប្រទេសម៉ុងហ្គោលីមកកម្ពុជា ហើយប្រទេសទាំងពីរអាចធ្វើអ្វីមួយ ដើម្បីជំរុញការហោះហើរត្រង់។
លោក បន្តថា ប្រទេសម៉ុងហ្គោលី ជាប្រទេស មានការផ្សព្វផ្សាយច្រើនផងដែរ ពីសក្តានុពលទេសចរណ៍របស់ខ្លួននៅលើឆាកអន្តរជាតិ ហេតុនេះប្រទេសនេះគួរធ្វើអ្វីមួយ ដើម្បីចាប់ផ្តើមជំរុញវិស័យទេសចរ រវាងប្រទេសទាំងពីរ។
លោកស្រី បន្តថា កន្លងមកភ្ញៀវទេសចរណ៍ម៉ុងហ្គោលី មកទស្សនាកំសាន្តនៅកម្ពុជាមានចំនួនតិចតួចប៉ុណ្ណោះ ដោយសារមិនទាន់មានការភ្ជាប់ជើងហោះហើរត្រង់ពីម៉ុងហ្គោលី មកកាន់កម្ពុជា ប៉ុន្តែប្រសិនជាមានការភ្ជាប់ជើងហោះហើរត្រង់ លោកស្រីជឿថា ភ្ញៀវទេសចរណ៍មកពីម៉ុងហ្គោលី នឹងកើនឡើងខ្លាំងរួមទាំងកំណើននៃវិស័យពាណិជ្ជកម្មផងដែរ៕