ជួបគ្នាម្តងទៀត និងកាន់តែសប្បាយរីករាយ ប្រកបទៅដោយអត្ថន័យ នៃការដឹងគុណដល់ លោកគ្រូ អ្នកគ្រូ ជាមួយនឹងការរត់ដើម្បីអបអរទិវាគ្រូបង្រៀន និងប្រមូលថវិកាជួយទ្រទ្រង់សមាគមបុគ្គលិកសិក្សាខ្មែរ។
ក្រុមការងារគម្រោង "ចិត្តដូចគ្នា" ឬ "ONE HEART PROJECT” ដែលជាផ្នែកមួយនៃគម្រោងជាច្រើនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីរត់ប្រណាំងលក្ខណៈមិត្តភាពជាថ្មីម្តងទៀត ក្រោមប្រធានបទ "រត់ដើម្បីមនុស្សធម៌" នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៦:០០ព្រឹក នៅបរិវេណខាងក្នុង និងខាងក្រៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ក្នុងចម្ងាយ ៥គីឡូម៉ែត្រ។
គោលបំណងសំខាន់ នៃការបង្កើតឡើងនូវកម្មវិធីរត់ប្រណាំងលក្ខណៈមិត្តភាពនេះ គឺដើម្បីអបអរទិវាគ្រូបង្រៀន និងប្រមូលថវិកាជួយទ្រទ្រង់សមាគមបុគ្គលិកសិក្សាខ្មែរ ដែលមានបេសកកម្មសាងសង់ផ្ទះគ្រូបង្រៀននៅតាមបណ្ដាខេត្តទូទាំងប្រទេស និងទ្រទ្រង់ជីវភាពរបស់គ្រូបង្រៀន។ ការរត់ប្រណាំងនេះ ក៏ដើម្បីលើកកម្ពស់វិស័យកីឡារត់ប្រណាំងនៅប្រទេសកម្ពុជា និងបណ្ដុះស្មារតីស្រលាញ់កីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងការជួបជុំគ្នាដើម្បីសកម្មភាពសង្គម។
កម្មវិធីនេះ នឹងមានការចូលរួមពីសាធារណជនប្រមាណ ២០០០នាក់ ហើយក៏នឹងមានការចូលរួមសម្ដែងសិល្បៈរបស់សិល្បករ សិល្បការិនី ដែលជាតារាចម្រៀង និងតារាសម្តែងផងដែរ។
ចំពោះលោកអ្នកដែលមានបំណងចង់ចូលរួមរត់ គឺអាចធ្វើការទំនាក់ទំនងទិញសំបុត្រនៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអាសយដ្ឋានផ្ទះលេខ២៤ ផ្លូវ២២៨ កែង៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសំបុត្រមួយមានតម្លៃត្រឹមតែ ២ម៉ឺនរៀលប៉ុណ្ណោះ។ ក្រៅពីសំបុត្រ ក៏មានលក់អាវយឺតដ៏ស្រស់ស្អាតផងដែរ ដោយអាវមួយមានតម្លៃ ២ម៉ឺនរៀល។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩៦ ៣៤៧ ៩៩៣៦ និង ០១០ ៣៧០ ១៧៦៕
