(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងទៀតឡើយ ដោយសារតែកម្តៅនៃភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ បង្កឡើងដោយការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ខណៈអាមេរិកទើបតែបានដាក់កូរ៉េខាងជើង ក្នុងប្រទេសនៃបម្រាមគោចរដូចគ្នាកាលពីសប្តាហ៍មុននេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិមួយចំនួនតូច ដែលនៅតែបន្តមានទំនាក់ទំនងការទូតជាមិត្តភាព ជាមួយកូរ៉េខាងជើង ក៏ប៉ុន្តែចំណងទាក់ទងនេះបានជួបភាពល្អក់ខ្លាំង កាលពីកំឡុងដើមឆ្នាំ២០១៧នេះ បន្ទាប់ពីមានអំពើឃាតកម្ម ទៅលើលោក គីមជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃ របស់ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងគូឡាឡាំពួ។
ជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក៏ត្រូវគ្រោងនឹងជួបជាមួយកូរ៉េខាងជើង ក្នុងការប្រកួតដណ្តើមពានអាស៊ានផងដែរ នៅឯទីក្រុងព្យុងយ៉ាង នាថ្ងៃទី០៥ ខែតុលាខាងមុខនេះ ខណៈគម្រោងជួបមុខគ្នា ត្រូវបានពន្យាពេលអស់ពីរលើករួចមកហើយ ពីព្រោះតែក្តីព្រួយបារម្ភលើបញ្ហាសន្តិសុខសុវត្ថិភាព។ ដោយឡែក ដោយសារតែបម្រាមធ្វើដំណើរនេះ ភ្លាមៗ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រុមម៉ាឡេស៊ី នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅប្រកួត នៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ដែរឬយ៉ាងណានោះ។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី បម្រាមខាងលើ នឹងត្រូវត្រួតពិនិត្យក៏ដូចជាពិចារណាឡើយវិញ នៅពេលណាដែលស្ថានការណ៍ នៅឧបទ្វីបកូរ៉េ វិលត្រឡប់ទៅរកភាពធម្មតាវិញ៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)